អត្តពលិកតេក្វាន់ដូ WT វ័យក្មេង ៦ប្រទេស ចូលរួមព្រឹត្តិការណ៍ Hope International Open លើកដំបូងនៅកម្ពុជា
09-01-2026 11:29
(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីថ្នាលយុវជតេក្វាន់ដូ WT មកពី ៦ប្រទេស រួមមានមីយ៉ាន់ម៉ា សិង្ហបុរី វៀតណាម ម៉ាឡេស៊ី កូរ៉េខាងត្បូង និងម្ចាស់ផ្ទះកម្ពុជា បានចូលរួមព្រឹត្តិការណ៍ប្រកួតអន្ដរក្លិបកីឡាតេក្វាន់ដូ WT លក្ខណៈអន្ដរជាតិ Hope International Open Taekwondo Championship លើកទី១ ឆ្នាំ២០២៦ នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៩-១១ ខែមករា នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក)។
ពិធីបើកព្រឹត្តិការណ៍អន្ដរជាតិនេះ ធ្វើឡើងក្រោមអធិបតីភាពលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ ព្រមទាំងលោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េប្រចាំប្រជាកម្ពុជា ព្រមទាំងបណ្ដាប្រតិភូ និងកីឡាករ-កីឡាការិនីគ្រប់បណ្ដាប្រទេសចូលរួមការប្រកួតនេះផងដែរ។
យោងតាមរបាយការណ៍ប្រកួត ព្រឹត្តិការណ៍នេះ មកកីឡាករ-កីឡាការិនីចូលរួមសរុប ៥៦០នាក់ ស្មើនឹង ៤២ក្លិប ក្នុងនោះមានមីយ៉ាន់ម៉ា ៤ក្លិប, សិង្ហបុរី ១ក្លិប, វៀតណាម ១ក្លិប, ម៉ាឡេស៊ី ១ក្លិប, កូរ៉េខាងត្បូង ១ក្លិប និងកម្ពុជា ៣៤ក្លិប ដែលប្រកួតលើវិញ្ញាសាសរុបចំនួន ២០៦វិញ្ញាសា ។ ការប្រកួតនេះដែរ ផ្ដោតលើថ្នាលយុវជន ចាប់ពីអាយុ ៥ឆ្នាំឡើង រហូតដល់អាយុលើស ១៨ឆ្នាំ ដែលជាឱកាសល្អសម្រាប់កម្ពុជាសម្រួចធនធានឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១។
លោក វ៉ាត់ ចំរើន បានវាយតម្លៃខ្ពស់ ចំពោះការផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះ និងការចូលរួមពីគ្រប់បណ្ដាប្រទេស ដែលបានឆ្លុះបញ្ចាំងពីមិត្តភាព សាមគ្គីភាព និងស្មារតីពិតរបស់តេក្វាន់ដូ WT ។ លោកបានអរគុណស្ថានទូតសារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ដែលបានគាំទ្រជាបន្ដបន្ទាប់ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃ ក្នុងការអភិវឌ្ឍតេក្វាន់ដូនៅកម្ពុជា។
លោកថា «ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការប្រកួតអន្តរក្លិបអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដ៏សំខាន់មួយ សម្រាប់ការផ្លាស់ប្តូរចំណេះដឹង បច្ចេកទេស និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ហើយក៏ជាវេទិកាដើម្បីពង្រឹងសមត្ថភាពធនធានកីឡាតេក្វាន់ដូជាតិយើង សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍អន្ដរជាតិនាពេលអនាគត ពិសេសដំណើរឆ្ពោះទៅកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ»។
លោក Kim Chang Yong បានគូសបញ្ជាក់ថា ការប្រកួតអន្ដរជាតិលើកដំបូងនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងអស់រយៈពេល ១០ឆ្នាំ នៃការបង្កើតព្រឹត្តិការណ៍ប្រកួតអន្ដរក្លិបនៅកម្ពុជា តាំងពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដើម្បីស្វែងរកកីឡាករ-កីឡាការិនីឆ្នើមៗនៅកម្ពុជា សម្រាប់ចូលរួមការប្រកួតអន្ដរជាតិនានា តួយ៉ាងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ហើយការបើកទំព័រថ្មី នៃព្រឹត្តិការណ៍ Hope International Open Taekwondo Championship លើកដំបូងនេះ លោកក៏សង្ឃឹមថា នឹងក្លាយជាឱកាសថ្មីមួយទៀត ដើម្បីបណ្ដុះធនធានថ្នាលបន្ដវេន សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជាផងដែរ៕









