វៀតណាម ចេញច្បាប់ថ្មី តម្រូវឲ្យគ្រប់វេទិកាអនឡាញទាំងអស់ ផ្សាយពាណិជ្ជកម្មត្រឹម៥វិនាទី

09-01-2026 13:44

(ហាណូយ)៖ អាជ្ញាធរវៀតណាមបានប្រកាសច្បាប់ថ្មី ដែលកំណត់ឲ្យការផ្សព្វផ្សាយជាវីដេអូតាមបណ្តាញសង្គមអនឡាញដូចជា Facebook ឬ YouTube ជាដើមនោះ ត្រូវមានលោតពាណិជ្ជកម្មមិនលើសពី ៥វិនាទីនោះទេ ខណៈវីដេអូដែលមានពាណិជ្ជកម្មលើសពីរយៈពេលនេះ គឺអាចឱ្យអ្នកទស្សនាចុច រំលងចោល បាន។ ច្បាប់ថ្មីនេះ គឺនឹងចាប់អនុវត្តន៍នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ តទៅ។

វិធានការនេះអនុវត្តចំពោះវេទិកាអនឡាញទាំងអស់ រួមមាន YouTube, Facebook, TikTok និងគេហទំព័រផ្សេងៗ ដែលផ្តល់សេវាកម្មដល់អ្នកប្រើប្រាស់នៅវៀតណាម។ យោងតាមច្បាប់ថ្មី ដែលចេញក្រោម អនុក្រឹត្យលេខ 342/2025 ស្តីពីការកែប្រែច្បាប់ផ្សព្វផ្សាយគឺបានឲ្យដឹងថា ការផ្សាយពាណិជ្ជកម្មវិដេអូដែល «មិនអាចរំលងបាន» ដែលបច្ចុប្បន្ន មានចន្លោះពី ៧-៣០ វិនាទី នៅលើវេទិកាអនឡាញ គឺត្រូវបានហាមឃាត។ មិនត្រឹមតែវីដេអូផ្សព្វផ្សាយប៉ុណ្ណោះទេ ច្បាប់នេះក៏កំណត់លើ ការផ្សព្វផ្សាយជារូបភាព និង Pop-up ផងដែរ ដោយមិនអនុញ្ញាតឲ្យមានការពន្យាពេលក្នុងការបិទ និងត្រូវមានប៊ូតុងបិទដែលមើលឃើញច្បាស់ មិនអាចប្រើបច្ចេកទេសបន្លំអ្នកប្រើប្រាស់បានឡើយ

អាជ្ញាធរវៀតណាម បានបញ្ជាក់ថា វេទិកាអនឡាញនិងក្រុមហ៊ុនផ្សព្វផ្សាយ ត្រូវលុបចោលការផ្សព្វផ្សាយខុសច្បាប់ ក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីទទួលបានសំណើពីរដ្ឋាភិបាល ហើយក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងទូរគមនាគមន៍ ត្រូវសហការក្នុងការទប់ស្កាត់មាតិកាផ្សព្វផ្សាយដែលបំពានច្បាប់។ រដ្ឋាភិបាលវៀតណាមបានលើកឡើងថា វិធានការនេះមានគោលបំណង ការពារសិទ្ធិអ្នកប្រើប្រាស់ និងធ្វើឲ្យបទពិសោធន៍ប្រើប្រាស់អ៊ីនធឺណិតកាន់តែល្អប្រសើរ ដោយកាត់បន្ថយការរំខានពីការផ្សព្វផ្សាយដែលបង្ខំឲ្យទស្សនាជាយូរមកហើយ។

ទោះយ៉ាងណា អ្នកវិភាគខ្លះបានព្រមានថា វេទិកាអនឡាញអាចនឹងបង្កើនចំនួនការផ្សព្វផ្សាយខ្លីៗ ជំនួសឲ្យការផ្សព្វផ្សាយវែង ដើម្បីរក្សាចំណូលពីពាណិជ្ជកម្ម។ ច្បាប់ថ្មីនេះ នឹងចូលជាធរមានជាផ្លូវការចាប់ពី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយនឹងអនុវត្តចំពោះវេទិកាអនឡាញទាំងក្នុងស្រុក និងអន្តរជាតិ ដែលផ្តល់សេវាកម្មនៅវៀតណាម៕