xAI របស់ Elon Musk ខាតបង់ប្រាក់ពាន់លានដុល្លារ ប៉ុន្តែចំណូលកើនទ្វេដង និងរៃអង្គាសទុនបានលើសគោលដៅ

09-01-2026 14:28

(ប​រទេស)៖ ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI របស់មហាសេដ្ឋី Elon Musk បានរាយការណ៍ពីការខាតបង់ទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់ដល់ទៅ ១,៤៦ ពាន់លានដុល្លារ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ខណៈដែលការចំណាយសរុបក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ មានចំនួនរហូតដល់ ៧,៨ ពាន់លានដុល្លារ។ ទោះបីជាការខាតបង់មានទំហំធំ ប៉ុន្តែចំណូលរបស់ក្រុមហ៊ុនបានកើនឡើងជិតទ្វេដងធៀបនឹងត្រីមាសមុន ពោលគឺឡើងដល់ ១០៧ លានដុល្លារក្នុងត្រីមាសដដែលនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦។

មូលហេតុចម្បងដែលនាំឱ្យក្រុមហ៊ុន AI ថ្មីថ្មោងមួយនេះចំណាយប្រាក់ដូច «ដុតក្រដាស» គឺដោយសារការវិនិយោគទៅលើការទិញឧបករណ៍កុំព្យូទ័រ (Hardware) ទំនើបៗសម្រាប់មជ្ឈមណ្ឌលទិន្នន័យ និងការជួលអ្នកជំនាញផ្នែក AI លំដាប់កំពូលៗ។ វាជារឿងធម្មតាទៅហើយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលត្រូវហ៊ានចំណាយដើមទុនរាប់ពាន់លានដុល្លារ ដើម្បីប្រកួតប្រជែងក្នុងការបង្កើតបច្ចេកវិទ្យាដ៏ទំនើបនេះ។

ជុំវិញរបាយការណ៍ខាតបង់ដែលចេញផ្សាយដោយសារព័ត៌មាន Bloomberg នេះ ខាងសារព័ត៌មាន Reuters ក៏បានព្យាយាមសុំការបកស្រាយពីក្រុមហ៊ុន xAI ផងដែរ ប៉ុន្តែក្រុមហ៊ុនបានឆ្លើយតបយ៉ាងខ្លី និងចំៗថា៖ «ប្រព័ន្ធផ្សព្វផ្សាយចាស់ៗគឺជាអ្នកភូតកុហក» (Legacy Media Lies)។

ទោះបីជាមានការខាតបង់ក៏ដោយ xAI នៅតែមានភាពទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគ។ ជាក់ស្តែង ក្នុងសប្តាហ៍នេះ ក្រុមហ៊ុនទើបតែប្រមូលទុនបានដល់ទៅ ២០ ពាន់លានដុល្លារ នៅក្នុងការរៃអង្គាសទុនជុំទី ៥ (Series E) ដែលជាចំនួនលើសពីគោលដៅគ្រោងទុក ក្នុងគោលបំណងពន្លឿនការអភិវឌ្ឍម៉ូដែល AI ថ្មីៗ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាជាងមុន៕