Real ធ្វើបច្ចុប្បន្នភាពរបួសរបស់ Mbappe មុនប៉ះ Barca ដណ្តើមពាន Super Cup 2026 ចុងសប្តាហ៍នេះ

09-01-2026 15:06

(បរទេស)៖ Real Madrid បានធ្វើការ update ពីស្ថានភាពរបួសនៃខ្សែប្រយុទ្ធ Kylian Mbappe របស់ពួកគេ មុនជំនួប El Clasico ទល់នឹង FC Barcelona ដណ្តើមពានបើករដូវកាលលីគអេស្ប៉ាញ Spanish Super Cup នាចុងសប្តាហ៍នេះ។

ពីគេហទំព័រ YB បានចេញផ្សាយថា នៅរាត្រីថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ ក្រុមខ្លាំងប្រចាំរដ្ឋធានីអេស្ប៉ាញ នឹងប្រឈមមុខទល់នឹងក្រុមខ្លាំងប្រចាំតំបន់ Catalan ក្នុងការប្រជែងជើងឯក Super Cup 2026 ដែលនឹងធ្វើឡើងនៅឯកីឡដ្ឋានដែលស្ថិតប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីទម្លាក់គូប្រកួតប្រជែង Atletico Madrid និង Athletic Club ពីក្នុងវគ្គ ៤ក្រុមរួចមក។

ជាការកត់សម្គាល់ផងដែរ ម្ចាស់គ្រាប់បាល់ច្រើនជាងគេរបស់អធិរាជសរដូវកាលនេះ Mbappe វ័យ ២៧ឆ្នាំ បានខកខានប្រកួតពេល Real យកឈ្នះ Atletico កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ដោយសារមានរបួសជង្គង់ឆ្វេង តាំងពីរួមចំណែកជួយក្រុមរបស់លោក Xabi Alonso បំបាក់ Real Betis ៥-១ ក្នុងលីគមកម្ល៉េះ។

ទោះជាបែបនេះក្តី Real មិនបានដកឈ្មោះកីឡាករបារាំងរូបនេះចេញពីជំនួបវគ្គផ្តាច់ព្រ័ត្រទល់នឹង Barcelona ឡើយ។ នេះបើយោងតាមការបញ្ជាក់របស់លោក Alonso។ លោកថា «តើស្ថានភាពរបួសយ៉ាងណាហើយ? គាត់បានធូរច្រើនហើយ និងបានចូលរួមហ្វឹកហាត់ ថែមទាំងមានអារម្មណ៍ល្អដូចកីឡាករឯទៀតដែរ»

សូមបញ្ជាក់ផងថា Spanish Super Cup គឺជាពានបើករដូវកាលលីគរបស់ប្រទេសអេស្ប៉ាញ ដែលយកតែក្រុមជើងឯក និងជើងឯករងក្នុងលីគ និង ២ក្រុមទៀតមកពីជើងឯក Copa del Rey និងរងជើងឯក ដើម្បីលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ៕