OpenAI បើកឱ្យ ChatGPT ពិនិត្យកំណត់ត្រាវេជ្ជសាស្ត្រ ដើម្បីផ្ដល់ដំបូន្មានសុខភាពកាន់តែច្បាស់លាស់

09-01-2026 15:10

(បរទេស)៖ ក្រុមហ៊ុន OpenAI បានប្រកាសដាក់ឱ្យប្រើប្រាស់មុខងារថ្មី «ChatGPT Health» នៅក្នុងសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យ AI អាចវិភាគកំណត់ត្រាវេជ្ជសាស្ត្រ និងទិន្នន័យសុខភាពពីកម្មវិធីដូចជា Apple Health និង MyFitnessPal។ គោលបំណងនៃបច្ចេកវិទ្យានេះ គឺដើម្បីផ្តល់ចម្លើយ និងដំបូន្មានសុខភាពផ្ទាល់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពជាងមុនដល់អ្នកប្រើប្រាស់ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថា វាត្រូវបានបង្កើតឡើងដើម្បី «គាំទ្រ ប៉ុន្តែមិនមែនសម្រាប់ជំនួសការធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលវេជ្ជសាស្ត្រ» ពីគ្រូពេទ្យជំនាញឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC និង CNBC នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦។

ទោះជាយ៉ាងណា មុខងារថ្មីនេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហាឯកជនភាព។ លោក Andrew Crawford មកពីមជ្ឈមណ្ឌលសម្រាប់ប្រជាធិបតេយ្យ និងបច្ចេកវិទ្យា បានសង្កត់ធ្ងន់ថា វាគឺជា «រឿងសំខាន់បំផុត» ក្នុងការរក្សាការការពារឱ្យបាន «ហ្មត់ចត់បំផុត» ជុំវិញព័ត៌មានសុខភាពរបស់អ្នកប្រើប្រាស់។ លោកបានបន្ថែមទៀតថា៖ «ទិន្នន័យសុខភាពគឺជាព័ត៌មានដែលរសើបបំផុតមួយចំនួនដែលមនុស្សអាចចែករំលែក ហើយវាត្រូវតែត្រូវបានការពារ»

ឆ្លើយតបនឹងការព្រួយបារម្ភនេះ OpenAI បានអះអាងថា ការសន្ទនានៅក្នុងផ្នែកសុខភាពនេះ នឹងត្រូវរក្សាទុកដាច់ដោយឡែកពីការជជែកទូទៅ ហើយនឹងមិនត្រូវបានយកទៅប្រើដើម្បីបណ្តុះបណ្តាល AI នោះទេ។ លោក Crawford ក៏បានរំលឹកផងដែរថា នៅពេលដែល OpenAI ចាប់ផ្តើមរុករកគំរូអាជីវកម្មបែបផ្សាយពាណិជ្ជកម្ម៖ «វាមានសារៈសំខាន់ណាស់ដែលការបែងចែករវាងទិន្នន័យសុខភាពប្រភេទនេះ និងការចងចាំផ្សេងទៀតរបស់ ChatGPT ត្រូវតែមានភាពហ្មត់ចត់បំផុត (Airtight)»

បច្ចុប្បន្ន មុខងារនេះកំពុងដាក់ឱ្យប្រើប្រាស់សាកល្បងនៅអាមេរិក ខណៈដែលទីផ្សារផ្សេងទៀតដូចជាចក្រភពអង់គ្លេស នៅមិនទាន់មានកាលបរិច្ឆេទច្បាស់លាស់នៅឡើយ។ នេះគឺជាជំហានដ៏ធំមួយរបស់ OpenAI ក្នុងការទាញយកអត្ថប្រយោជន៍ពីអ្នកប្រើប្រាស់ជាង ២៣០ លាននាក់ ដែលតែងតែសួរសំណួរពាក់ព័ន្ធនឹងសុខភាពទៅកាន់ Chatbot នេះជារៀងរាល់សប្តាហ៍៕