PSG សម្ពោធពានមួយមុនគេ ដើមឆ្នាំ២០២៦ ក្រោយផ្តួលក្រុមបារាំងដូចគ្នា នៅប្រទេសគុយវ៉ែត

09-01-2026 15:41

(បរទេស)៖ Paris Saint-Germain បានគ្រងតំណែងជើងឯកពានបើករដូវកាលលីគបារាំង Trophee des Champions 2026 ក្រោយផ្តួលគូប្រជែង Marseille ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីធ្វើឡើងនៅប្រទេសគុយវ៉ែត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះជាពានដំបូងគេដែលក្រុមរបស់លោក Luis Enrique ដណ្តើមបាននាដើមឆ្នាំថ្មី ២០២៦ ដែលបានរៀបចំឡើងនៅកីឡដ្ឋាន Jaber Al-Ahmad International ក្នុងនាម PSG ជាម្ចាស់ជើងឯក Ligue 1 និងពានលំដាប់ទី២ នៃប្រទេសបារាំង គ្រាដែល Marseille ជាជើងឯករងក្នុងលីគរដូវកាលមុន។

ក្នុងជំនួបធំនោះដែរ PSG រកបានគ្រាប់តាមស្មើ ២-២ ក្នុងម៉ោងថែមបង្រ្គប់ ៩០នាទី ដែលធ្វើឱ្យការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីកើតមានឡើង ក្នុងការផ្តួល Marseille ៤-១ ដើម្បីលើកពាន French Super Cup ជាលើកទី៤ ជាប់ៗគ្នាទៀតផង។

ពួកគេបានក្លាយជាជើងឯកពាននេះចំនួន ១៤សម័យកាលច្រើនជាងគេ គ្រាដែលក្រុមខ្លាំងប្រចាំទីក្រុងប៉ារីសមួយនេះ ដណ្តើមបានទាំងជើងឯក Ligue 1 និង French Cup ជាលើកទី១២ ផងដែរ ក្នុងរយៈពេល ១៣សម័យកាលចុងក្រោយនេះ។

Ramos, Vitinha, Nuno Mendes និង Desire Doue សុទ្ធតែជាអ្នកទាត់បានជោគជ័យ ក្នុងវគ្គប៉េណាល់ទី នៅពេលកីឡាករល្អលេខ១ ពិភពលោក Ousmane Dembele គឺជាអ្នករកបានគ្រាប់បែកពងមាន់ ហើយ Goncalo Ramos ជាអ្នករកបានគ្រាប់តាមស្មើ ២-២ នៅនាទី៩០+៥ នៅពេល Mason Greenwood រកបាន ១គ្រាប់សម្រាប់ Marseille និងការឱ្យកាដូពី Willian Pacho ពីការធ្វេសប្រហែសចូលទីខ្លួនឯង៕