ក្រុមហ៊ុន AI របស់ចិន DeepSeek នឹងចេញម៉ូដែល V4 ថ្មី ផ្តោតលើការសរសេរកូដ

10-01-2026 09:09

(បរទេស)៖ ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek ត្រូវបានរំពឹងថា នឹងចេញម៉ូដែល AI ជំនាន់ថ្មី V4 នៅពាក់កណ្តាលខែកុម្ភៈខាងមុខ។ ម៉ូដែលថ្មីនេះ មានសមត្ថភាពខ្លាំងផ្នែកសរសេរកូដកម្មវិធី។ នេះបើយោងតាមរបាយការណ៍របស់ The Information ដកស្រង់ពីប្រភពដែលបានដឹងពីបញ្ហានេះ។

តាមការធ្វើតេស្តរបស់បុគ្គលិកក្រុមហ៊ុន DeepSeek បានបង្ហាញថា V4 អាចលើសពីម៉ូដែលរបស់ដៃគូប្រជែង ដូចជា Claude របស់ Anthropic និង GPT របស់ OpenAI ក្នុងការងារសរសេរកូដ។ បន្ថែមពីនេះ ម៉ូដែល V4 ក៏បាន ធ្វើឱ្យមានការរីកចម្រើនថ្មី ក្នុងការទទួល និងដំណើរការ ពាក្យបញ្ជាសរសេរកូដដែលវែងខ្លាំង ដែលជាអត្ថប្រយោជន៍សំខាន់ សម្រាប់អ្នកអភិវឌ្ឍកម្មវិធីដែលកំពុងធ្វើគម្រោងស្មុគស្មាញ។ ទោះយ៉ាងណា សារព័ត៌មាន Reuters មិនទាន់អាចផ្ទៀងផ្ទាត់ព័ត៌មាននេះបានភ្លាមៗទេ ហើយ DeepSeek ក៏មិនទាន់ឆ្លើយតបទៅនឹងសំណើសុំមតិយោបល់របស់ Reuters នៅឡើយ។

DeepSeek ដែលមានមូលដ្ឋាននៅទីក្រុង ហាងចូវ (Hangzhou) កំពុងក្លាយជាក្រុមហ៊ុនសំខាន់មួយ ក្នុងយុទ្ធសាស្ត្ររបស់ចិន ដើម្បីកសាង ប្រព័ន្ធ AI ផ្ទាល់ខ្លួន និងពង្រឹងវិស័យឈីបក្នុងស្រុក។ ក្រុមហ៊ុននេះបានទាក់ទាញការចាប់អារម្មណ៍ទូទាំងពិភពលោក បន្ទាប់ពីអ្នកដឹកនាំបច្ចេកវិទ្យានៅ Silicon Valley សរសើរ ម៉ូដែល DeepSeek-V3 និង DeepSeek-R1 របស់ខ្លួន។

កន្លងមក Reuters ក៏បានរាយការណ៍ថា DeepSeek បានអះអាងនៅខែមករាថា បានបង្កើត AI តម្លៃទាបដើម្បីមកប្រកួតប្រជែងជាមួយ ChatGPT ហើយក៏បានប្រឈមមុខនឹងការត្រួតពិនិត្យពីប្រទេសមួយចំនួន ទាក់ទងនឹង បញ្ហាសុវត្ថិភាព និងភាពឯកជននៃទិន្នន័យ ផងដែរ៕