សមាជិកព្រឹទ្ធសភាអាមេរិកជំរុញឱ្យ Apple និង Google ដកកម្មវិធី X និង Grok ចេញពី App Store

10-01-2026 10:00

(បរទេស)៖ ភាពតានតឹងជុំវិញការគ្រប់គ្រងខ្លឹមសារលើបណ្តាញសង្គមបានឈានដល់កម្រិតថ្មីមួយ បន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យចំនួន ៣ រូប បានផ្ញើលិខិតចំហមួយទៅកាន់ក្រុមហ៊ុន Apple និង Google កាលពីថ្ងៃសុក្រ ដើម្បីស្នើឱ្យផ្អាកកម្មវិធី X (អតីត Twitter) និងកម្មវិធី AI Grok ចេញពី Store កម្មវិធីរបស់ពួកគេ។

សមាជិកព្រឹទ្ធសភា Ron Wyden, Ed Markey និង Ben Ray Luján បានលើកឡើងថា ក្រុមហ៊ុនក្រោមការដឹកនាំរបស់លោក Elon Musk បានបណ្តោយឱ្យអ្នកប្រើប្រាស់បង្កើត និងចែករំលែករូបភាពអាសអាភាសដែលមិនមានការយល់ព្រម (Deepfake) និងរូបភាពរំលោភបំពានផ្លូវភេទលើកុមារ ដែលទង្វើនេះគឺជាសកម្មភាពខុសច្បាប់យ៉ាងធ្ងន់ធ្ងរ។

នៅក្នុងលិខិតផ្ញើទៅកាន់លោក Tim Cook ដែលជា CEO របស់ Apple និងលោក Sundar Pichai ជា CEO របស់ Google ក្រុមសមាជិកព្រឹទ្ធសភាបានសង្កត់ធ្ងន់ថា៖ «ការធ្វើមិនដឹងមិនឮចំពោះទង្វើដ៏អាក្រក់របស់ X នឹងធ្វើឱ្យការអនុវត្តការគ្រប់គ្រងខ្លឹមសាររបស់អ្នកក្លាយជារឿងកំប្លែង»។

កម្មវិធី Grok ដែលជាបញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុន xAI ត្រូវបានគេរកឃើញថា អនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតរូបភាពអាសអាភាសក្លែងក្លាយរបស់បុគ្គលដទៃដោយងាយស្រួល និងត្រូវបានប្រើដើម្បីបង្កាច់បង្ខូច ឬរើសអើងមនុស្សផ្អែកលើពូជសាសន៍ និងជាតិសាសន៍។ ក្នុងករណីជាក់ស្តែងមួយ ជនរងគ្រោះដែលជាកូនចៅរបស់អ្នករស់រានមានជីវិតពីការសម្លាប់រង្គាល Holocaust ត្រូវបានគេប្រើប្រាស់ AI ដើម្បី ដោះសម្លៀកបំពាក់ ក្នុងរូបភាពអាសអាភាសដែលជារឿងអសីលធម៌បំផុត។

ទោះបីជាមានការរិះគន់ខ្លាំងក្លា ប៉ុន្តែក្រុមហ៊ុន xAI របស់លោក Musk ទើបតែប្រកាសកាលពីសប្តាហ៍នេះថា ខ្លួនទទួលបានមូលនិធិបន្ថែមចំនួន ២០ ប៊ីលីនដុល្លារ ពីវិនិយោគិនធំៗ រួមមាន Nvidia និង Cisco ជាដើម។

កាលពីថ្ងៃទី៣ ខែមករា លោក Musk បានអះអាងថា អ្នកដែលប្រើប្រាស់ Grok ដើម្បីបង្កើតខ្លឹមសារខុសច្បាប់នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ប៉ុន្តែក្រុមការងារផ្នែកសុវត្ថិភាពចំនួន ៣ រូបរបស់ xAI បានសម្រេចចិត្តលាឈប់ពីការងារ ដោយសារលោក Musk បានបញ្ជាឱ្យដកចេញនូវវិធានការការពារសុវត្ថិភាពមួយចំនួន៕