ក្រុមហ៊ុនតៃវ៉ាន់ TSMC ប្រាក់ចំណូលកើនឡើង២០% លើសការរំពឹងទុក

10-01-2026 11:38

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់ TSMC ដែលគេស្គាល់ថា ជាក្រុមហ៊ុនផលិតឈីបតាមកិច្ចសន្យារធំជាងគេក្នុងពិភពលោក បានរាយការណ៍ថា ប្រាក់ចំណូលក្នុងត្រីមាសទី៤ (ចន្លោះពីខែតុលាដល់ខែធ្នូ) កើនឡើង ២០.៤៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ លទ្ធផលនេះ ខ្ពស់ជាងការរំពឹងទុករបស់អ្នកវិភាគទីផ្សារ ដោយសារតម្រូវការខ្លាំងឡើង សម្រាប់ឈីបដែលប្រើក្នុងបច្ចេកវិទ្យា AI។

TSMC មានអតិថិជនធំៗដូចជា Nvidia និង Apple ហើយក្រុមហ៊ុនបានទទួលផលប្រយោជន៍យ៉ាងច្រើនពីការរីកចម្រើនរបស់ AI។ កំណើននេះបានជួយបំពេញការធ្លាក់ចុះនៃតម្រូវការឈីបសម្រាប់ឧបករណ៍អេឡិចត្រូនិកទូទៅ ដូចជា Tablet ដែលធ្លាប់កើនខ្លាំងក្នុងអំឡុងពេលកូវីដ។
ក្នុងត្រីមាសទី៤ នេះ TSMC រកបានប្រាក់ចំណូលប្រមាណ ១.០៤៦ ទ្រីលានដុល្លារតៃវ៉ាន់ (ប្រហែល ៣៣.១១ពាន់លានដុល្លារអាមេរិក) ខណៈឆ្នាំមុនមានត្រឹម ៨៦៨.៤៦ពាន់លានដុល្លារតៃវ៉ាន់ ប៉ុណ្ណោះ។ លទ្ធផលនេះ លើសការព្យាករណ៍របស់អ្នកវិភាគ ដែលរំពឹងទុកត្រឹម ១.០៣៦ ទ្រីលានដុល្លារតៃវ៉ាន់ ហើយក៏ស្របតាមការណែនាំដែល TSMC បានផ្តល់កាលពីខែតុលាផងដែរ។

ក្នុងឆ្នាំមុន ភាគហ៊ុន TSMC នៅទីផ្សារតៃប៉ិ កើនឡើងដល់ ៤៤.២% ល្អជាងការកើនឡើងរបស់ទីផ្សារភាគហ៊ុនទូទៅរបស់តៃវ៉ាន់ ដែលមានតែ ២៥.៧% ប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកធំជាងគេ និងជាអ្នកផលិត Server សំខាន់សម្រាប់ Nvidia ក៏បានរាយការណ៍ថា ប្រាក់ចំណូលក្នុងត្រីមាសទី៤ ឈានដល់ ២.៦០២៨ ទ្រីលានដុល្លារតៃវ៉ាន់ (ប្រហែល ៨២.២ ពាន់លានដុល្លារអាមេរិក) ផងដែរ៕