អគ្គនាយកអគ្គិសនីកម្ពុជា អញ្ជើញបិតការប្រកួតកីឡាពានរង្វាន់ ៧មករា លោក កែវ រតនៈ ឆ្នាំ២០២៦ លើកទី១២ នៅស្រុកក្រគរ
10-01-2026 12:25
(ពោធិ៍សាត់)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញបិទការប្រកួតកីឡា ដណ្តើមពានរង្វាន់ ៧ មករា លោក កែវ រតនៈ ឆ្នាំ២០២៦ លើកទី១២ បន្ទាប់ពីបានដំណើរការយ៉ាងសកម្ម និងស្វិតស្វាញ អស់រយៈពេលជាង១ខែ ក្រោមការរៀបចំឡើង ដោយរដ្ឋបាលស្រុកក្រគរ សហការជាមួយក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងគ្រូបង្វិក នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានធ្វើឡើង នៅទីលានកីឡដ្ឋានអនុវិទ្យាល័យព្រះសីហនុក្រគរ ស្ថិតក្នុងឃុំក្បាលត្រាច ដោយមានការចូលរួមពីលោក ជិត ប៉ុណ្ណារ៉ា ប្រធានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក លីវ សេងហ៊ីម អភិបាលស្រុកក្រគរ បានឱ្យដឹងថា ពិធីបិទការប្រកួតកីឡាទទួលពានរង្វាន់ ៧ មករា របស់លោក កែវ រតនៈ ឆ្នាំ២០២៦ លើកទី១២ នៅក្នុងស្រុកក្រគរ ដែលបានប្រកួតយ៉ាងស្វិតស្វាញ លើទីលានអស់រយៈពេលជាង១ខែកន្លងមកនេះ យើងសង្កេតឃើញថា គ្រប់ក្រុមកីឡាទាំងអស់បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងទេពកោសល្យ ប្រកបដោយស្មារតីកីឡា វិន័យ សីលធម៌ និងការយោគយល់អធ្យាស្រ័យគ្នា។ នេះជាសក្ខីកម្មបង្ហាញថា យុវជនយើងយល់ច្បាស់ពីមនសិការ កីឡា និងបានចងភ្ជាប់នូវសាមគ្គីភាព មិត្តភាព ដែលជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ។
*លទ្ធផលផ្លូវការនៃការប្រកួតរួមមាន៖
ទី១៖ វិញ្ញាសាបាល់ទះ(នារី)៖ ចំណាត់ថ្នាក់លេខ១៖ ក្លឹបយុវនារី ស.ស.យ.ក ស្រុកក្រគរ, ចំណាត់ថ្នាក់លេខ២៖ ក្លឹបយុវនារីអនុវិទ្យាល័យព្រះសីហនុក្រគរ, ចំណាត់ថ្នាក់លេខ៣៖ ក្លឹបយុវនារីវិទ្យាល័យឈើតុំ និងចំណាត់ថ្នាក់លេខ៤៖ ក្លឹបយុវនារីវិទ្យាល័យ ហ៊ុន សែន ១០ មករា
ទី២៖ វិញ្ញាសាបាល់ទាត់(នារី)៖ ចំណាត់ថ្នាក់លេខ១៖ ត្នោតជុំ-បឹងកន្ទួត, ចំណាត់ថ្នាក់លេខ២៖ ស្វាយស, ចំណាត់ថ្នាក់លេខ៣៖ ក្លឹបយុវនារីអនុវិទ្យាល័យព្រះសីហនុក្រគរ និងចំណាត់ថ្នាក់លេខ៤៖ ក្លឹបយុវនារីឃុំអន្សាចំបក់
ទី៣៖ វិញ្ញាសាបាល់ទាត់(បុរស)៖ ក្រុមសីលធម៌ល្អជាងគេ៖ ត្នោតជុំ-បឹងកន្ទួត, កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ៖ ពាក់លេខ២៣ ហាក់បញ្ញា (ត្នោតជុំ-បឹងកន្ទួត), អ្នកចាំទីល្អបំផុត៖ កីឡាករ ប៉ែន ពិសិដ្ឋ ក្រុមថាយហ្គឺរអេហ្វស៊ី, គ្រូបង្វិកឆ្នើម៖ សឿន ប្រុសពេញ ក្រុមថាយហ្គ័រអេហ្វស៊ី, ចំណាត់ថ្នាក់លេខ១៖ ថាយហ្គ័រអេហ្វស៊ី, ចំណាត់ថ្នាក់លេខ២៖ យុវជនឃុំអូរសណ្តាន់, ចំណាត់ថ្នាក់លេខ៣៖ យុវជនឃុំត្នោតជុំ-បឹងកន្ទួត និងចំណាត់ថ្នាក់លេខ៤៖ យុវជនឃុំក្បាលត្រាច។
លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានថ្លែងក្នុងពិធីបិទការប្រគួតនោះថា នេះគឺជាលើកទី១២ហើយ សម្រាប់ស្រុកក្រគរ ដែលរដ្ឋបាលស្រុក សហការជាមួយក្រុមការងារ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំឱ្យមានការប្រកួតកីឡាបាល់ទាត់ បាល់ទះ ដណ្តើមពានរង្វាន់ ៧ មករា របស់លោក កែវ រតនៈ ឆ្នាំ២០២៦។
លោកបណ្ឌិត បានគូសបញ្ជាក់ថា បញ្ហាព្រំដែន កម្ពុជា-ថៃ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងអនុវត្តនូវយន្តការសំខាន់ៗមួយចំនួន ដើម្បីធានាបាននូវបូរណភាពទឹកដី និងស្ថិរភាពតាមព្រំដែន ដែរជាកិច្ចការដ៏សំខាន់ និងស្មុគស្មាញបំផុតមួយ សម្រាប់ប្រទេសជាតិ។ ក្នុងនាមយើងទាំងអស់គ្នា ជាប្រជាពលរដ្ឋខ្មែរមួយរូប យើងត្រូវពួតដៃគ្នា រួបរួមជាតិ ឯកភាពជាតិ ជាកម្លាំងមហាសាល និងគាំទ្រប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិយើង ពីសត្រូវថៃឈ្លានពាន។
លោកបណ្ឌិត ប្រាំង ជលសា ក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ រួមទាំងកូនក្មួយសិស្សានុសិស្សទាំងអស់ សូមចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយជឿជាក់លើព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ ពីអង្គភាពព័ត៌មានរបស់រដ្ឋាភិបាល៕
















































