ម្ចាស់ផ្ទះម៉ារ៉ុក ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Afcon 2025 ក្រោយទម្លាក់កាមេរូនដោយស្រួល
10-01-2026 13:20
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក បានឆ្លងចូលវគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2025 ជាបន្តទៀត នៅពេលបំបាក់កាមេរូន ២-០ មិនឱ្យតដៃរួចយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ការរកបានគ្រាប់បំប៉ោងសំណាញ់ទីពីសំណាក់កីឡាករ Brahim Diaz និង Ismael Saibari វាល្មមគ្រប់គ្រាន់ ក្នុងការបញ្ជូនក្រុមខ្លាំងកាមេរូន ដែលតែងតែគំរាមកំហែងពួកគេត្រឡប់ទៅផ្ទះវិញត្រឹមវគ្គ ៨ក្រុមចុងក្រោយចេញពីម៉ារ៉ុក នៃកម្មវិធីដែលមានជារៀងរាល់ ២ឆ្នាំម្តង។
Diaz ដែលត្រូវបានជ្រើសរើសចេញពីក្លឹបអេស្ប៉ាញ Real Madrid បានអូសបាល់បញ្ចប់ទីនៅនាទីទី២៦ និងជាគ្រាប់ទី៥ របស់គេផងដែរនៅ Afcon លើកនេះ មុនពេល Saibari ធ្វើបានសម្រេចគ្រាប់ទី២ ក្នុងវគ្គទី២ ដើម្បីរួមចំណែកជួយក្រុមរបស់លោក Regragui ពីការប្រជែងជើងឯកប្រចាំទ្វីបជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៧៦។
នេះមានន័យថា ក្រុមមានកៅអី World Cup 2026 បានបន្លាយកំណត់ត្រាលេង ២៥ប្រកួតមិនចាញ់ឡើយ គិតចាប់តាំងពីពួកគេបានហាលអាវត្រឹមវគ្គ ១៦ក្រុមកាល Afcon 2023 និងឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងផងដែរតាំងពីឆ្នាំ២០០៤ ដែលម៉ារ៉ុកបានចាញ់ទុយនេស៊ី នៅវគ្គផ្តាច់ព្រ័ត្រនោះ។
ចំណែកលទ្ធផល ១ប្រកួតទៀតនាយប់មិញនេះ សេណេហ្គាល់ក៏បានទម្លាក់ម៉ាលីចេញពី Afcon លើកទី៣៥ នេះដែរ តាមរយៈលទ្ធផលឈ្នះ ១-០ ពីក្នុងវគ្គ ១/៤ ដូចគ្នា៕



