បិទបញ្ចប់ការប្រកួតកីឡាពានរង្វាន់ ៧ មករា លោក កែវ រតនៈ លើកទី៩ ឆ្នាំ២០២៦ នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់
10-01-2026 19:25
(ពោធិ៍សាត់)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញបិទការប្រកួតកីឡា ដណ្តើមពានរង្វាន់ ៧ មករា លោក កែវ រតនៈ លើកទី៩ ឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការយ៉ាងសកម្ម និងស្វិតស្វាញ អស់រយៈពេលជាង១ខែ ក្រោមការរៀបចំឡើង ដោយរដ្ឋបាលស្រុកកណ្តៀង សហការជាមួយក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងគ្រូបង្វិក នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានធ្វើឡើង នៅទីលានកីឡដ្ឋានវិទ្យាល័យ ហ៊ុន សែន កណ្តៀង ដោយមានការចូលរួមពីលោក ជិត ប៉ុណ្ណារ៉ា ប្រធានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, លោក ហង្ស ទូច ប្រធានក្រុមការងារគណបក្សចុះជួយឃុំកណ្តៀងព្រមទាំងក្រុមការងារចុះតាមបណ្តាឃុំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀង បានឱ្យដឹងថា ការប្រកួតកីឡាទទួលពានរង្វាន់ ៧ មករា របស់លោក កែវ រតនៈ លើកទី៩ ឆ្នាំ២០២៦ នៅក្នុងស្រុកកណ្តៀង បានចាប់ផ្តើមពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតបញ្ចប់ត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៥ ដែលក្រុមកីឡាទាំងអស់បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងទេពកោសល្យ ប្រកបដោយស្មារតីកីឡា វិន័យ សីលធម៌ និងការយោគយល់អធ្យាស្រ័យគ្នា។ នេះជាសក្ខីកម្មបង្ហាញថា យុវជនយើងយល់ច្បាស់ពីមនសិការ កីឡា និងបានចងភ្ជាប់នូវសាមគ្គីភាព មិត្តភាព ដែលជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ។
*លទ្ធផលផ្លូវការនៃការប្រកួតរួមមាន៖
ក-វិញ្ញាសារបាល់ទះ(នារី)៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លឹបយុវជនឃុំកណ្តៀង, ចំណាត់ថ្នាក់លេខ២ បានទៅលើក្លឹបយុវជនឃុំអន្លង់វិល និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្លឹបយុវជនឃុំស្វាយលួង។
ខ-វិញ្ញាសារបាល់ទះ(បុរស)៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លឹបយុវជនឃុំកញ្ជរ, ចំណាត់ថ្នាក់លេខ២ បានទៅលើក្លឹបយុវជនឃុំអន្លង់វិល និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្លឹបយុវជនឃុំស្យា។
គ-វិញ្ញាសារបាល់ទាត់៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លឹបយុវជនឃុំវាល, ចំណាត់ថ្នាក់លេខ២ បានទៅលើក្លឹបយុវជនឃុំស្រែស្ដុក និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្លឹបយុវជនឃុំស្យា។
លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានថ្លែងក្នុងពិធីបិទការប្រគួតនោះថា នេះគឺជាលើកទី៩ហើយ សម្រាប់ស្រុកកណ្តៀង ដែលរដ្ឋបាលស្រុក សហការជាមួយក្រុមការងារ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំឱ្យមានការប្រកួតកីឡាបាល់ទាត់ បាល់ទះ ដណ្តើមពានរង្វាន់ ៧ មករា របស់លោក កែវ រតនៈ ឆ្នាំ២០២៦។ លោកបន្តថា សម្រាប់ស្រុកក្រគរ គឺជាលើក១២ ដែលត្រូវបានបិទបញ្ចប់ការប្រគួតដូចគ្នា កាលពីល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ម្សិលមិញ។
លោកបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកកិច្ចការការពារ បូរណភាពទឹកដី និងស្ថិរភាពតាមព្រំដែន គឺជាអាទិភាពខ្ពស់បំផុត ដើម្បីធានាសន្តិសុខជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំពោះបញ្ហាព្រំដែន កម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវជំហរយ៉ាងម៉ឺងម៉ាត់ ប៉ុន្តែប្រកបដោយភាពវៃឆ្លាត ដើម្បីការពារបូរណភាពទឹកដីផង និងរក្សានូវទំនាក់ទំនងល្អជាមួយប្រទេសជិតខាងផង។ ក្នុងនាមយើងទាំងអស់គ្នា ជាប្រជាពលរដ្ឋខ្មែរមួយរូប យើងត្រូវពួតដៃគ្នា រួបរួមជាតិ ឯកភាពជាតិ ជាកម្លាំងមហាសាល និងគាំទ្រប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិយើង។
ជាមួយគ្នានោះ លោកបណ្ឌិត ប្រាំង ជលសា បានលើកឡើងថា ក្នុងយុគសម័យឌីជីថលដែលព័ត៌មានរីកសាយភាយយ៉ាងរហ័ស ព័ត៌មានក្លែងក្លាយ (Fake News) បាននិងកំពុងក្លាយជាអាវុធដ៏គ្រោះថ្នាក់បំផុត ដែលត្រូវបានគេប្រើប្រាស់ដើម្បីបំពុលសង្គម បង្កើតការបែកបាក់ និងបំផ្លាញទំនុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាល ជាពិសេសលើបញ្ហាសុខសន្តិភាព និងបូរណភាពទឹកដី។ លោកក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ រួមទាំងកូនក្មួយសិស្សានុសិស្សទាំងអស់ សូមចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយជឿជាក់លើព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ ពីអង្គភាពព័ត៌មានរបស់រដ្ឋាភិបាល៕



















































