នាយឧត្តមសេនីយ៍ សៅ សុខា ថា មណ្ឌលហ្វឹកហាត់ វិសាខា មានលក្ខណៈស្ដង់ដារមិនចាញ់កន្លែងហ្វឹកហាត់ក្លិប PSG ឡើយ
11-01-2026 09:46
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប បានកោតសរសើរថ្នាក់ដឹកនាំក្លិបកីឡាបាល់ទាត់ វិសាខា ក្រោមការដឹកនាំរបស់លោកស្រី កែ សួនសុភី បាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិ ជាពិសេសការសម្រេចនូវសមិទ្ធផលថ្មី នៃមជ្ឈមណ្ឌលហ្វឹកហាត់ វិសាខា ដែលមានលក្ខណៈស្ដង់ដារ មិនចាញ់បណ្ដាក្លិបនៅអឺរ៉ុបនោះទេ ពិសេសក្លិប Paris Saint Germain(PSG) របស់បារាំងតែម្ដង។
ការគូសបញ្ជាក់នេះ បន្ទាប់ពីលោកបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសម្ពោធដាក់ឲ្យប្រើប្រាស់ប្រាស់ហេដ្ឋារចនាសម្ព័ន្ធ នៃមជ្ឈមណ្ឌលហ្វឹកហាត់ វិសាខា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ នាសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ហើយក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ញ៉ែម សាខន សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវឧកញ៉ាសិរីករុណាបទុមរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងវត្តមានថ្នាក់ដឹកនាំសហព័ន្ធ និងបណ្ដាក្លិបលីគកំពូលជាច្រើនផងដែរ។
បន្ទាប់ពីស្ដាប់របាយការណ៍ថ្នាក់ដឹកនាំក្លិប លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងនូវការអបអរសាទរ ចំពោះសមិទ្ធផលថ្មីរបស់ក្លិប វិសាខា ដែលសាងសង់ឡើងក្នុងគោលបំណងធំបំផុត គឺដើម្បីសុខភាព និងការអប់រំ ជាពិសេសការបង្កើតនូវកេរ្ដិ៍ឈ្មោះ កិត្តិយស របស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការបង្កើននូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ទាំងក្នុងក្របខណ្ឌជាតិ និងអន្ដរជាតិ តាមរយៈវិស័យកីឡាបាល់ទាត់។
ក្នុងនាមប្រធានសហព័ន្ធ និងពលរដ្ឋខ្មែរមួយរូប លោកបានបង្ហាញក្ដីរំភើប ចំពោះវត្តមានមជ្ឈមណ្ឌលដ៏ទំនើបនេះ ហើយថា មិនចាញ់ក្លិបនៅអឺរ៉ុបនោះទេ។ លោកថា «យើងធ្លាប់ដើរទៅក្រៅប្រទេស មើលក្លិបអាជីពនៅអឺរ៉ុបច្រើនដែរ តែយើងមកមើលក្លិបបាល់ទាត់វិសាខា ដូចមិនចាញ់អីជាមួយបាល់ទាត់ PSG ផង បើចាញ់ ចាញ់តែកីឡដ្ឋានទេ ព្រោះកីឡដ្ឋានរបស់ PSG ធំនៅកណ្ដាលទីក្រុងបារីស តែបើកន្លែងហ្វឹកហាត់មិនចាញ់ទេ និយាយពីអគារ និហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ តែបើទំហំផ្ទៃដី យើងមិនដល់គេទេ ព្រោះដីគេធំណាស់»។
«ត្រឹមរយៈពេល ៥ឆ្នាំ ការសម្រេចបានសមិទ្ធផលប៉ុននេះ មិនមែនជារឿងសាមញ្ញពេកទេ ។ អ្នកខ្លះ កុំថាដល់ទៅធ្វើ គ្រាន់តែគិត ក៏គិតមិនចេញផង ។ អ៊ីចឹងសមិទ្ធផលមួយនេះ មិនមែនជាកម្មសិទ្ធដោយឡែក ដែលធ្វើហើយរបស់វិសាខា ឬរបស់លោកជំទាវ កែ សួនសុភី នោះទេ ប៉ុន្ដែវាជារបស់យុវជនទាំងអស់គ្នា ព្រោះយុវជនទាំងអស់ អាចមកហ្វឹកហាត់ និងរៀនសូត្របាន ដោយមជ្ឈមណ្ឌល មានទាំងកន្លែងហាត់ និងកន្លែងស្នាក់នៅទៀតផង»។ លោក សៅ សុខា បន្ថែម។
តាមរយៈនេះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធរបស់ក្លិបវិសាខា ពិសេសថ្នាក់ដឹកនាំភាគច្រើនដែលជាស្ដ្រី ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីសមភាពយេនឌ័រថា ស្ដ្រីក៏អាចធ្វើអ្វីៗបានដូចបុរស។ លោកមានជំនឿយ៉ាងមុតមាំទៀតថា អ្វីដែលក្លិបកំពុងខិតខំអភិវឌ្ឍន៍ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស នឹងក្លាយជាកត្ដាជំរុញដ៏សំខាន់ ឆ្ពោះទៅផលិតបាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗ ប្រកបដោយគុណផលខ្ពស់ សម្រាប់ចូលរួមជាមួយក្រុមជម្រើសជាតិ ទៅចូលរួមប្រកួតជាមួយបណ្ដាប្រជាជាតិនានា ។
យោងតាមរបាយការណ៍កញ្ញា អ៊ូ បញ្ញា សុកិត្យា អគ្គនាយិការប្រតិបត្តិក្លិបវិសាខា បានឲ្យដឹងថា ក្រោយចំណាយពេលជិត ៥ឆ្នាំ មជ្ឈមណ្ឌលហ្វឹកហាត់ វិសាខា បានសម្រេចនូវសមិទ្ធផលជាច្រើន លើផ្ទៃដីជាង ៤ហិកតា រួមមានទីលានហ្វឹកហាត់ និងប្រកួតទំហំស្ដង់ដារអន្ដរជាតិចំនួន ៤ (ស្មៅធម្មជាតិ ៣ និងស្មៅសិប្បនិម្មិត ១) ក្នុងនោះមានទីលានស្មៅធម្មជាតិចំនួន ២ បានបំពាក់កៅអីអង្គុយទស្សនា និងមានផ្ទាំងពិន្ទុឌីជីថល(LED) ហើយក៏មានអាគារដ្ឋបាល, បន្ទប់ស្នាក់នៅប្រមាណ ៣០បន្ទប់, អាហារដ្ឋានដ្ឋាន, បន្ទប់សម្រាប់សិក្សារៀនសូត្រ, បន្ទប់ពេទ្យ, កន្លែង GYM ចំនួន ២ និងហេដ្ឋារចនាសម្ព័ន្ធអមជាច្រើនទៀត។
លោកស្រី កែ សួនសុភី បានមានប្រសាសន៍ថា គោលបំណងសំខាន់ នៃការសាងសង់មជ្ឈមណ្ឌលហ្វឹកហាត់ វិសាខា ដើម្បីលើកកម្ពស់សុខភាព និងការអប់រំ ពិសេសការផ្ដល់នូវកន្លែងហ្វឹកហាត់ស្តង់ដារដល់កីឡាករគ្រប់កម្រិត ចាប់ពីយុវជន រហូតដល់ក្រុមធំ ដើម្បីបង្កើនសមត្ថភាព និងត្រៀមខ្លួនសម្រាប់ការប្រកួត ទាំងក្នុង និងក្រៅប្រទេស ដែលឆ្លើយតបនឹងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្លិប ក្នុងការជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឈានទៅរកកម្រិតអាជីពពិតប្រាកដ។
ក្នុងនាមប្រធានក្លិប លោកស្រី បានប្ដេជ្ញាចិត្តក្នុងការបន្ដវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដោយឈរលើឆន្ទៈដ៏មោះមុតបំផុត ក្នុងការការគាំទ្រ និងអភិវឌ្ឍក្លិប ដើម្បីលើកកម្ពស់កម្រិតបច្ចេកទេសបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងក្លា ហើយក្លាយជាក្លិបឈានមុខគេមួយនៅក្នុងប្រទេស ក៏ដូចជាក្លិបតំបន់ និងនាំមកនូវមោទនភាពជាតិជូនជាតិមាតិភូមិទៀតផង៕













