អេហ្ស៊ីប ទម្លាក់ម្ចាស់ការពារតំណែងជើងឯក កូដឌីវ័រ ឡើងប៉ះសេណេហ្គាល់ វគ្គ ៤ក្រុម Afcon 2025
11-01-2026 10:44
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប បានឡើងទៅប៉ះសេណេហ្គាល់សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2025 ក្រោយទម្លាក់ម្ចាស់ការពារតំណែងជើងឯក កូដឌីវ័រ ៣-២ យប់មិញនេះ ស្របពេលនីហ្សេរីយ៉ាលេងឈ្នះអាល់ហ្សេរី ២-០ ឡើងជួបម្ចាស់ផ្ទះម៉ារ៉ុក។
នេះមានន័យថា ប្រធានក្រុម Mohamed Salah នឹងត្រូវពើបប្រទះជាមួយអតីតមិត្តរួមក្រុមចាស់របស់គេគឺ Sadio Mane ដែលធ្លាប់ឈ្នះពាន UEFA Champions League និង Premier League រួមគ្នាកាលលេងនៅក្លឹបហង្សក្រហម Liverpool នាអំឡុងឆ្នាំ២០១៩ និងឆ្នាំ២០២០។
ការប្រជែងកៅអីផ្តាច់ព្រ័ត្រនារាត្រីថ្ងៃពុធសប្តាហ៍ក្រោយ ក៏នឹងជម្រះបញ្ជីចាស់នៅពេលអេហ្ស៊ីបបានចាញ់សេណេហ្គាល់កាលផ្តាច់ព្រ័ត្រ Afcon 2021 ផងដែរដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ដ្បិតពួកគេក៏បានត្រឹមរងជើងឯកកាលឆ្នាំ២០១៧ ដោយបានចាញ់កាមេរូន។
ក្នុងប្រកួត ៩០នាទីពេញនៅកីឡដ្ឋាន Stade d’Agir ពីក្នុងវគ្គ ៨ក្រុមនោះ អេហ្ស៊ីបបានបើកការនាំមុខ ២-១ សម្រាប់ ៤៥នាទីដំបូង នៅពេលខ្សែប្រយុទ្ធ Salah ក៏រកបាន ១គ្រាប់នៅនាទី៥២ ក្រោយពេលបោះបាល់ឱ្យមិត្តរួមក្រុម Rami Rabia បញ្ចប់ទីបានសម្រេចនៅនាទី៣២ ផងដែរ ហើយកីឡាករ Omar Marmoush រកបានគ្រាប់បាល់បើកឆាកត្រឹមផ្តើមលេងបានតែ ៤នាទីប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ សម្រាប់ ២គ្រាប់របស់កូដឌីវ័រវិញ គឺរកបានដោយកីឡាករ Doue នៅនាទី៧៣ បន្ទាប់ពីខ្សែការពារ Ahmed Abou El Fotouh របស់អេហ្ស៊ីបបានធ្វេសប្រហែសចូលទីខ្លួនឯង និងជាគ្រាប់តាមពីក្រោយ ២-១ នៅនាទី៤០ ចុងម៉ោងនៃវគ្គទី១៕






