Ramsdale សង្រ្គោះបាល់ប៉េណាល់ទី ៣លើកពី Bournemouth ជួយ Newcastle ឡើងជុំទី៤ FA Cup
11-01-2026 10:46
(បរទេស)៖ កីឡាករចាំទី Aaron Ramsdale សញ្ជាតិអង់គ្លេសបានសង្រ្គោះបាល់ប៉េណាល់ទីចំនួន ៣លើកដ៏អស្ចារ្យ ក្នុងវគ្គទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីនាយប់មិញទល់នឹង AFC Bournemouth ក្នុងការបញ្ជូន Newcastle United ឡើងទៅជុំទី៤ នៃពាន FA Cup ជាបន្តទៀត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
Newcastle ដែលជាម្ចាស់ជើងឯក League Cup រដូវកាលមុន ស្ថិតក្រោមការដឹកនាំរបស់លោក Eddie Howe បានប្រើពេល ១២០នាទី ពីការសម្រេចលទ្ធផលត្រឹមស្មើគ្នា ៣-៣ ពីក្នុងជុំទី៣ នៅកីឡដ្ឋាន St. James’ Park របស់ខ្លួន ដ្បិតគូប្រជែងក្នុងលីគដូចគ្នា ត្រូវលេងដោយគ្មានវត្តមាន Antoine Semenyo ដែលបានលក់ទៅឱ្យក្លឹប Manchester City ក្នុងតម្លៃ ៦៥លានផោន ក្នុងទីផ្សារដោះដូរនាខែមករា ឆ្នាំ២០២៦ នេះ។
Ramsdale ដែលត្រូវបានសារិកាព្រៃចុះកិច្ចសន្យាខ្ចីជើងពី Southampton កាលពីរដូវក្តៅមុន បានត្រឡប់មកទម្លាក់អតីតក្លឹបចាស់របស់គេ Bournemouth តាមរយៈរារាំងបាល់ប៉េណាល់ទីពីកីឡាករ Evanilson, Alex Jimenez និងចុងក្រោយ Bafode Diakite។
តាមរយៈជ័យជម្នះនេះដែរ Newcastle បានបន្លាយកំណត់ត្រាលេងមិនចាញ់ក្នុងដី St. James’ Park របស់ខ្លួនគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ គ្រប់កម្មវិធី និងឈ្នះបាន ១១លើកឯណោះ ក្នុងចំណោម ១៣ប្រកួតសរុប។
វាក៏ជាឱកាសល្អសម្រាប់ពួកគេផងដែរ ដើម្បីផ្តួលក្រុមខ្លាំងមេឃខៀវ Man City នៅរាត្រីថ្ងៃអង្គារសប្តាហ៍ក្រោយ ពីជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup មុនពេលធ្វើដំណើរទៅកីឡដ្ឋាន Molineux ដើម្បីជួប Wolves នាថ្ងៃទី១៨ ខែមករា ក្នុងលីគ Premier League 2025-26៕





