ក្រុមហ៊ុន ម៉ាស្ទ័រ ណាលី ហុងស៊ុយ បើកសិក្ខាសាលា «ហុងស៊ុយឆ្នាំ២០២៦» ដើម្បីត្រៀមខ្លួនទុកមុន និងអាចទប់ស្កាត់ស្ថានការណ៍ឱ្យកាន់តែប្រសើរក្នុងឆ្នាំ២០២៦
11-01-2026 12:45
(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ាស្ទ័រណាលី ហុងស៊ុយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ បានបើកសិក្ខាសាលា «ហុងស៊ុយឆ្នាំ២០២៦» ដើម្បីត្រៀមខ្លួនទុកមុន និងអាចទប់ស្កាត់ស្ថានការណ៍ឱ្យកាន់តែប្រសើរក្នុងឆ្នាំ២០២៦នេះ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឧកញ៉ា ឡុង ណាលី ប្រធានក្រុមហ៊ុន ម៉ាស្ទ័រណាលី ហុងស៊ុយ និងជាប្រធានសមាគមហុងស៊ុយអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ព្រមទាំងក្រុមការងារ និងសិក្ខាកាមជាច្រើនរូប ដែលមានទីតាំងស្ថិតនៅ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ។
នាឱកាសនោះដែរ ឧកញ៉ា ឡុង ណាលី បានលើកឡើងថា វិជ្ជាហុងស៊ុយ គឺជាវិជ្ជាដែលសិក្សាលម្អិតពាក់ព័ន្ធទៅនឹងបរិយាកាសជុំវិញ ចរន្តខ្យល់ និងទឹក ដំណើរនៃធម្មជាតិ និងតារាសាស្ត្រ។ ហុងស៊ុយ គឺជាផ្នែកមួយសំខាន់សម្រាប់ជីវិតរស់នៅរបស់យើង ដែលអាចបណ្តុះបណ្តាបញ្ញាស្មារតីរបស់ មនុស្សឱ្យមានភាពរីកចម្រើន ចូលរួមចំណែកអភិវឌ្ឍសង្គមគ្រួសារ តាមក្រិតក្រមនៃធម្មជាតិ និងដំណើរគោចរនៃតារាសាស្ត្រ។
ឧកញ៉ា ឡុង ណាលី បានបន្ដថា សម្រាប់សិក្ខាសាលាឆ្នាំនេះ គឺមានបទបង្ហាញពិសេសពាក់ព័ន្ធ ជាមួយនឹង យិន ហុងស៊ុយ និងយ៉ាង ហុងស៊ុយ ហើយយ៉ាងហុងស៊ុយ គឺពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ថ្មីៗ តើយើងគួរតែបង្ការយ៉ាងណា ដើម្បីទប់ស្កាត់ទៅនិងស្ថានការណ៍បម្រុងនឹងកើតឡើងនៅក្នុងឆ្នាំ២០២៦ ពីព្រោះ២០២៦ មានបញ្ហាសេដ្ឋកិច្ច ទាំងពិភពលោកក៏ដូចជាប្រទេសកម្ពុជាផងដែរ។
ឧកញ៉ា ឡុង ណាលី ក៏បានបន្ដទៀតថា គម្រោង យិន ផារ៉ាដាយ គឺមានការអភិវឌ្ឍរហូត ហើយឆ្នាំនេះ ក៏មានគម្រោងរៀបចំ សារមន្ទីរហុងស៊ុយ ដែលមានតែមួយនៅលើពិភពលោក ហើយកម្ពុជាទទួលបានសិទ្ធិផ្ដាច់មុខនៅក្នុងការធ្វើជាសារមន្ទីរហុងស៊ុយ ជាពិសេសធ្វើនៅក្នុងគម្រោង យិន ផារ៉ាដាយ ដោយទទួលបានជាគម្ពីរហុងស៊ុយ សៀវភៅហុងស៊ុយ និងជាហុងស៊ុយ ពិតប្រាកដ ដែលប្រមូលមករក្សាទុកនៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ ឧកញ៉ា ឡុង ណាលី ក៏បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គម្ពីរហុងស៊ុយ ប្រសិនបើ ខ្ញុំនៅតែរក្សាបាន គឺនូវតែបន្តទុកនៅក្នុងប្រទេសកម្ពុជាដដែល ប៉ុន្តែប្រសិនបើមានករណីអ្នកបន្តវេនរក្សាមិនបាន និងយកទៅរក្សាទុកនៅប្រទេសសឹង្ហបុរីវិញ។
ឧកញ៉ា ឡុង ណាលី បានបន្ថែមថា ឆ្នាំ២០២៦ កម្ពុជាមានសំណាងខ្លាំង ពាក់ព័ន្ធជាមួយនឹងវិស័យទេសចរណ៍ ដោយសារឆ្នាំនេះតារាសាស្ត្រលេខមួយចរចូលមក ប្រសិនបើប្រជាជនកម្ពុជារួមគ្នាផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងប្រទេសឱ្យកាន់តែច្រើន និងរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ពីបណ្ដារប្រទេសជិតខាងដែលព្យាយាមលាបពណ៌កម្ពុជា ហើយប្រទេសកម្ពុជា នោះកម្ពុជាកាន់តែអាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនបន្ថែមទៀត។
ឧកញ៉ា ឡុង ណាលី ក៏បានបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំដែលឆុងនៅក្នុងឆ្នាំ២០២៦ រួមមាន៖ ឆ្នាំជូត ឆ្នាំមមី ឆ្នាំថោះ និងឆ្នាំឆ្លូវ ដែលអាចប្រើប្រាស់ ស្ទីកគ័រ កាត់ឆុងរូបខ្លាដើម្បីកាត់បន្ថយការឆុងបាន។
ជាថ្មីម្ដងទៀត ឧកញ៉ា ឡុង ណាលី បានសង្ឃឹមថា សិក្ខាសាលាហុងស៊ុយ ឆ្នាំ២០២៦នេះ នឹងជាឱកាសដល់សិក្ខាកាម បានសិក្សាស្វែងយល់ពីហុងស៊ុយបែបវិទ្យាសាស្ត្រ ដែលមានស្តង់ដារត្រឹមត្រូវពិតប្រាកដ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងគុណធម៌ ដើម្បីកសាងបាននូវធនធានមនុស្សលើជំនាញហុងស៊ុយបែបវិទ្យាសាស្ត្រ សម្រាប់បំពេញតម្រូវការប្រជាពលរដ្ឋ នៅក្នុងសង្គមកម្ពុជា៕















