យល់ដឹងផ្នែកច្បាប់៖ បែបបទ និងនីតិវិធីនៃការសុំលះបង់សញ្ជាតិខ្មែរ

11-01-2026 17:38

(ភ្នំពេញ)៖ សញ្ជាតិខ្មែរ សំដៅដល់ចំណងគតិយុត្ត និងនយោបាយដែលភ្ជាប់រូបវន្តបុគ្គលទៅនឹងព្រះរាជាណាចក្រកម្ពុជា ។ ការទទួលបានសញ្ជាតិខ្មែរ ត្រូវធ្វើទ្បើងតាមរយៈ (១) ការទទួលបានសញ្ជាតិខ្មែរពីកំណើត (២) ការទទួលបានសញ្ជាតិខ្មែរដោយការស្មុំកូនពេញលេញ (៣) ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ និង (៤) ការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយ កម្ម ។ ច្បាប់ស្តីពីសញ្ជាតិក៏បានផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋខែ្មរដែលមានអាយុ ១៨ (ដប់ប្រាំបី) ឆ្នាំ យ៉ាងតិច អាចសុំលះបង់សញ្ជាតិខ្មែរបានដោយស្ម័គ្រចិត្ត ក្នុងករណីដែលជននោះមានសញ្ជាតិមួយផ្សេងទៀត ។

ដើម្បីយល់កាន់តែច្បាស់អំពីបែបបទ និងនីតិវិធីនៃការសុំលះបង់សញ្ជាតិខ្មែរ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ នឹងធ្វើការចែករំលែកជូនសិស្ស និស្សិតនិងសាធារណជនដូចតទៅ។

ការលះបង់សញ្ជាតិខ្មែរជាការអនុវត្តសិទ្ធិក្នុងការលះបង់សញ្ជាតិរបស់ពលរដ្ឋខ្មែរជាបុរស ឬស្រ្តីតាមភាពចាំបាច់ និងតម្រូវការជាក់ស្តែងរបស់សាមីខ្លួនដោយគ្មានការបង្ខិតបង្ខំ ។ មានន័យថា ការលះបង់សញ្ជាតិជាសិទ្ធិមួយក្នុងចំណោមសិទ្ធិទាំងអស់ដែលប្រជាពលរដ្ឋខ្មែរទទួលបាន ដើម្បីប្រើប្រាស់ទៅតាមស្ថានភាព និងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋម្នាក់ៗ ហើយក៏ពុំមាននរណាម្នាក់អាចមកបង្ខិតបង្ខំឱ្យត្រូវតែលះបង់ ឬមិនលះបង់សញ្ជាតិនោះដែរ ។ ប៉ុន្តែផលវិបាកនៃការលះបង់សញ្ជាតិខ្មែរ បុគ្គលនោះនឹងក្លាយជាជនបរទេសចំពោះច្បាប់កម្ពុជា ហើយត្រូវបាត់បង់សិទ្ធិជាពលរដ្ឋខ្មែរទៀតផង ។

យោងតាមមាត្រា៣១ និងមាត្រា ៣២ នៃអនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ដើម្បីអាចសុំលះបង់សញ្ជាតិខ្មែរបានជននោះមានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ យ៉ាងតិច ក្នុងករណីដែលជននោះមានសញ្ជាតិមួយផ្សេងទៀត និងដោយគ្មានការបង្ខិតបង្ខំ ។

ពលរដ្ឋខ្មែរដែលមានបំណងសុំលះបង់សញ្ជាតិខ្មែរ ត្រូវដាក់ពាក្យសុំលះបង់សញ្ជាតិខ្មែរ និងត្រូវបំពេញបែបបទនីតិវិធីនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ដូចខាងក្រោម៖

*ពាក្យសុំលះបង់សញ្ជាតិខ្មែរចំនួន ២ (ពីរ) ច្បាប់
*ជីវប្រវត្តិសង្ខេបរបស់សាមីខ្លួនចំនួន ២ (ពីរ) ច្បាប់ ដោយមានបិទរូបថតទំហំ ៤ ស.ម គុណ ៦ ស.ម
*រូបថត ត្រូវថតថ្មី ចំពីមុខ គ្មានពាក់មួក និងគ្មានពាក់វ៉ែនតា ទំហំ ៤ ស.ម គុណ ៦ ស.ម ចំនួន ១០ (ដប់) សន្លឹក
*លិខិតបញ្ជាក់សញ្ជាតិមួយផ្សេងទៀត ឬលិខិតបញ្ជាក់របស់អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដែលសាមីខ្លួនបានដាក់ពាក្យសុំចូលសញ្ជាតិចំនួន ១ (មួយ) ច្បាប់
*ច្បាប់ចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅចំនួន ២ (ពីរ) ច្បាប់
*សេចក្តីចម្លងសំបុត្រកំណើត ឬច្បាប់ចម្លងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជាចំនួន ២ (ពីរ) ច្បាប់
*ចំពោះពលរដ្ឋខ្មែររស់នៅបរទេសស្របច្បាប់ត្រូវមានលិខិតបញ្ជាក់ទីលំនៅរបស់សាមីខ្លួន នៃប្រទេសនោះ ចំនួន ១ (មួយ) ច្បាប់ ។

បន្ថែមពីនេះទៀត ចំពោះពលរដ្ឋខ្មែរដែលមានកូនជាអនីតិជន ហើយមានបំណងស្នើសុំលះបង់សញ្ជាតិជាចង្កោមគ្រួសារ ករណីនេះ ឪពុក ម្តាយត្រូវបំពេញបែបបទបន្ថែមសម្រាប់កូនដូចខាងក្រោម៖

*ពាក្យសុំលះបង់សញ្ជាតិខ្មែរចំនួន ២ (ពីរ) ច្បាប់
*ជីវប្រវត្តិសង្ខេបរបស់កូនចំនួន ២ (ពីរ) ច្បាប់ ដោយមានបិទរូបថតទំហំ ៤ ស.ម គុណ ៦ ស.ម
*រូបថត ត្រូវថតថ្មី ចំពីមុខ គ្មានពាក់មួក និងគ្មានពាក់វ៉ែនតា ទំហំ ៤ ស.ម គុណ ៦ ស.ម ចំនួន ១០ (ដប់) សន្លឹក
*លិខិតបញ្ជាក់សញ្ជាតិមួយផ្សេងទៀត ឬលិខិតបញ្ជាក់របស់អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដែលសាមីខ្លួនបានដាក់ពាក្យសុំចូលសញ្ជាតិចំនួន ១ (មួយ) ច្បាប់
*ច្បាប់ចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅចំនួន ២ (ពីរ) ច្បាប់
*សេចក្តីចម្លងសំបុត្រកំណើតរបស់កូនចំនួន ២ (ពីរ) ច្បាប់
*ច្បាប់ចម្លងលិខិតឆ្លងដែនរបស់កូនដែលនៅមានសុពលភាពចំនួន ២ (ពីរ) ច្បាប់ ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវធ្វើការពិនិត្យ និងស្រាវជ្រាវលើសំណុំបែបបទសុំលះបង់សញ្ជាតិខ្មែរក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃធ្វើការ ។ ក្នុងករណីដែលអ្នកស្នើសុំមិនបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា៣២ និងមាត្រា៣៣ នៃអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិនោះទេ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រូវជូនដំណឹងទៅអ្នកដាក់ពាក្យសុំវិញយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃធ្វើការ ។ នៅពេលដែលអ្នកដាក់ពាក្យសុំបានកែសម្រួលរួចហើយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រូវធ្វើការពិនិត្យ និងដំណើរការនីតិវិធីបន្តយ៉ាងយូរ ១០ (ដប់) ថ្ងៃ នៃថ្ងៃធ្វើការងារ ។ ហើយបន្ទាប់ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានដំណើរការនីតិវិធីចប់សព្វគ្រប់ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃត្រូវដាក់សំណើរជូននាយករដ្ឋមន្រ្តី ហើយនាយករដ្ឋមន្រ្តីត្រូវថ្វាយសំណើរជូនព្រះមហាក្សត្រដើម្បីឱ្យទ្រង់ចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យលះបង់សញ្ជាតិខ្មែរដល់ពលរដ្ឋខ្មែរ ។

សរុបមកប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ យ៉ាងតិច អាចសុំលះបង់សញ្ជាតិខ្មែរបានដោយស្ម័គ្រចិត្ត ក្នុងករណីដែលជននោះមានសញ្ជាតិមួយផ្សេងទៀត ព្រមទាំងអាចសុំលះបង់សញ្ជាតិខ្មែរជាចង្កោមគ្រួសាររបស់ប្រជាពលរដ្ឋខ្មែរជាម្តាយ ឬឪពុកដែលមានកូនជាអនីតិជន ហើយការដាក់ពាក្យសុំត្រូវគោរពទៅតាមបែបបទដូចមានកំណត់នៅក្នុងអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ។

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងកញ្ញា ឡុង កាន់បុទុម្ពរ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ
ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕