Walmart ចាប់ដៃ Google ដាក់ឱ្យប្រើ Gemini AI ដើម្បីជួយអតិថិជនទិញទំនិញកាន់តែងាយស្រួល
12-01-2026 08:07
(ញូវយ៉ក)៖ ក្រុមហ៊ុន Walmart និង Google បានប្រកាសនៅថ្ងៃអាទិត្យថា អតិថិជននឹងអាចប្រើប្រាស់កម្មវិធី Gemini ដែលជាជំនួយការបញ្ញាសិប្បនិម្មិត (AI) របស់ Google ដើម្បីស្វែងរក និងបញ្ជាទិញទំនិញពីហាងលក់រាយយក្ស Walmart និងហាងទំនិញ Sam’s Club បានយ៉ាងងាយស្រួលក្នុងពេលឆាប់ៗនេះ។
ការប្រកាសនេះត្រូវបានធ្វើឡើងដោយលោក John Furner នាយកប្រតិបត្តិដែលនឹងចូលកាន់តំណែងថ្មីរបស់ Walmart និងលោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google នៅក្នុងសន្និសីទប្រចាំឆ្នាំ «National Retail Federation’s Big Show» ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌល Javits ក្នុងទីក្រុងញូវយ៉ក។
ទោះបីជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំទាំងពីរមិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃការដាក់ឱ្យប្រើប្រាស់ ឬលក្ខខណ្ឌហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនេះនៅឡើយទេ។ ក្រុមហ៊ុនបានឱ្យដឹងថា បទពិសោធន៍ថ្មីនេះនឹងចាប់ផ្តើមដំបូងនៅក្នុងសហរដ្ឋអាមេរិក មុននឹងពង្រីកទៅកាន់បណ្តាប្រទេសផ្សេងៗទៀតលើពិភពលោក។
តាមរយៈកិច្ចព្រមព្រៀងជាមួយ Google នេះ Walmart កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីដើរឱ្យទាន់តម្រូវការអតិថិជនដែលកំពុងប្រើប្រាស់ AI Chatbots ដើម្បីសន្សំសំចៃពេលវេលា ឬស្វែងរកគំនិតថ្មីៗក្នុងការទិញទំនិញ។ កាលពីខែតុលាកន្លងទៅ Walmart ក៏បានប្រកាសកិច្ចព្រមព្រៀងជាមួយគូប្រជែងរបស់ Gemini គឺ ChatGPT របស់ក្រុមហ៊ុន OpenAI ផងដែរ ដើម្បីអនុញ្ញាតឱ្យអ្នកទិញទំនិញអាចទូទាត់ប្រាក់ភ្លាមៗតាមរយៈមុខងារ "Instant Checkout" ដោយមិនចាំបាច់ចាកចេញពីកម្មវិធី Chatbot នោះឡើយ។
ក្រៅពីកិច្ចសហការខាងក្រៅ Walmart ក៏មានជំនួយការ AI ផ្ទាល់ខ្លួនដែលមានឈ្មោះថា Sparky (មានរូបតំណាងមុខញញឹមពណ៌លឿង) នៅក្នុងកម្មវិធីទូរស័ព្ទរបស់ខ្លួនផងដែរ។
លោក John Furner បានលើកឡើងថា៖ «ការផ្លាស់ប្តូរពីការស្វែងរកតាមរយៈវេបសាយ ឬកម្មវិធីបែបប្រពៃណី ទៅជាការធ្វើពាណិជ្ជកម្មដែលដឹកនាំដោយភ្នាក់ងារ AI តំណាងឱ្យការវិវត្តន៍ដ៏អស្ចារ្យបន្ទាប់នៅក្នុងវិស័យលក់រាយ។ យើងមិនមែនគ្រាន់តែអង្គុយមើលការផ្លាស់ប្តូរនេះទេ ប៉ុន្តែយើងគឺជាអ្នកជំរុញវា»។
លោកបានបន្ថែមថា Walmart កំពុង «សរសេរសៀវភៅច្បាប់លក់រាយឡើងវិញ» ដោយប្រើប្រាស់ AI ដើម្បី «បង្រួមគម្លាតរវាងពាក្យថា "ខ្ញុំចង់បាន" និង "ខ្ញុំទទួលបានវា"»។
លោក Sundar Pichai នាយកប្រតិបត្តិ Google បានបង្ហាញក្តីរំភើបក្នុងការធ្វើការជាមួយ Walmart និងបានពណ៌នាការយក AI មកប្រើប្រាស់ថាជា "របត់នៃការផ្លាស់ប្តូរ" ដ៏សំខាន់មួយ។
សម្រាប់ Walmart ការផ្លាស់ប្តូរទម្លាប់របស់អតិថិជន ដែលចាប់ផ្តើមស្វែងរកទំនិញតាមរយៈ AI Chatbot ជាជាងការចូលទៅកាន់កម្មវិធី ឬគេហទំព័រផ្ទាល់ កំពុងធ្វើឱ្យក្រុមហ៊ុនត្រូវរៀបចំយុទ្ធសាស្ត្រឌីជីថលរបស់ខ្លួនឡើងវិញ។ លោក David Guggina ប្រធានផ្នែកពាណិជ្ជកម្មអេឡិចត្រូនិករបស់ Walmart អាមេរិក បាននិយាយថា AI ជួយឱ្យក្រុមហ៊ុនអាចជួបអតិថិជនបានកាន់តែលឿន និងនៅគ្រប់ទីកន្លែង។
ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ Walmart ក៏បានបញ្ជាក់ពីរបៀបដែល AI នឹងផ្លាស់ប្តូរតួនាទីរបស់បុគ្គលិកផងដែរ។ លោក Doug McMillon នាយកប្រតិបត្តិ Walmart ដែលហៀបនឹងចូលនិវត្តន៍ បានមានប្រសាសន៍ថា៖ «វាច្បាស់ណាស់ថា AI នឹងផ្លាស់ប្តូរគ្រប់ការងារទាំងអស់»៕








