ក្រុមហ៊ុន​ Cyber អ៊ីស្រាអែល Torq ទទួលបានទុនវិនិយោគ ១៤០លាន ក្លាយជាក្រុមហ៊ុនមានតម្លៃ ជាង១ពាន់លានដុល្លារ

12-01-2026 09:31

(បរទេស)៖​ ក្រុមហ៊ុនបច្ចេកវិទ្យាសន្តិសុខឌីជីថល (Cybersecurity) នៃប្រទេសអ៊ីស្រាអែលឈ្មោះ Torq បានប្រកាសថា ខ្លួនទទួលបានប្រាក់វិនិយោគថ្មីចំនួន ១៤០លានដុល្លារ ដែលធ្វើឲ្យតម្លៃក្រុមហ៊ុនកើនឡើងដល់ ១.២ ពាន់លានដុល្លារ។ ដោយសារតម្លៃនេះ Torq ត្រូវបានគេហៅថា​ជា ក្រុមហ៊ុន ថ្មីដែលមានតម្លៃលើស ១ ពាន់លានដុល្លារ។

Torq ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានទទួលប្រាក់វិនិយោគសរុបប្រមាណ ៣៣២ លានដុល្លារ។​ ក្រុមហ៊ុននេះបង្កើតកម្មវិធីសន្តិសុខ ដែលប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយក្រុមហ៊ុន និងអង្គភាពធំៗ ក្នុងការត្រួតពិនិត្យ និងការពារការវាយប្រហារតាមអ៊ីនធឺណិត ដោយធ្វើការងារជាច្រើនដោយស្វ័យប្រវត្តិ ជំនួសការងារដោយមនុស្ស។

ការវិនិយោគលើកនេះ ត្រូវបានដឹកនាំដោយក្រុមហ៊ុនវិនិយោគ Merlin Ventures ហើយមានការចូលរួមពីវិនិយោគិនធំៗផ្សេងទៀតផងដែរ។​ នាយកប្រតិបត្តិ Torq បានបញ្ជាក់ថា ប្រាក់វិនិយោគថ្មីនេះ នឹងត្រូវប្រើសម្រាប់ពង្រីកអាជីវកម្ម អភិវឌ្ឍបច្ចេកវិទ្យា AI បន្ថែម និងពង្រឹងទីផ្សារជាពិសេសនៅសហរដ្ឋអាមេរិក។

បច្ចុប្បន្ន Torq មានអតិថិជនជាច្រើនជាក្រុមហ៊ុនធំៗលើពិភពលោក ដូចជា Marriott, PepsiCo, Procter & Gamble, Siemens, Uber និង Virgin Atlantic​ ជាដេីម៕