Barca កើនតំណែងពានអេស្ប៉ាញ Super Cup ក្រោយបំបាក់គូប្រជែងធំ
12-01-2026 09:49
(អេស្ប៉ាញ)៖ ក្លឹប FC Barcelona ពេលនេះបានបង្កើនចំនួនកំណត់ត្រាពានរង្វាន់ក្របខ័ណ្ឌលីគអេស្ប៉ាញ Spanish Super Cup ក្រោយផ្តួលគូប្រជែងធំ Real Madrid យ៉ាងស្វិតស្វាញលទ្ធផល ៣-២ ធ្វើឱ្យក្រុមរហស្សនាមអ្នកមានបុណ្យមួយនេះកើនតំណែងម្ចាស់ពាននេះដល់ ១៦លើកច្រើនជាងគេបន្ថែមទៀត ។
Spanish Super Cup 2026 ឃើញថាក្រុម Real Madrid នៅតែមិនអាចសងសឹងក្រុម Barca បានទេ ដែលស្ថិតក្នុងការប្រកួតនេះកីឡាករអន្តរជាតិប្រេស៊ីល Raphinha រកបានពីរគ្រាប់ម្នាក់ឯង និងមិត្តរួមក្រុម Lewandowski រកបានមួយគ្រាប់ផងដែរ ។ ដ្បិតប្រយុទ្ធជួរមុខរបស់ Real គឺកីឡាករ Vinicius Junior និង Gonzalo Garcia ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌី ។
ដូច្នេះតាមរយៈលទ្ធផលនេះ បានធ្វើឱ្យក្រុម Barcelona បន្ថែមបានតំណែងម្ចាស់ពាននេះកើនដល់ ១៦លើកគិតចាប់ឈ្នះនេះដំបូងកាលពីឆ្នាំ១៩៨៣ ខណៈក្រុម Real Madrid នៅតែបន្តកាន់ចំនួន ១៣លើកដដែលគិតចាប់ពីយកបានដំបូងកាលឆ្នាំ១៩៨៨ ។
សូមជម្រាបផងថា ពានរង្វាន់ Spanish Super Cup គឺជាការប្រកួតពានរង្វាន់បាល់ទាត់អេស្ប៉ាញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨២ ដែលដំបូងយកតែក្រុមជើងឯកពាន Copa del Rey និង La Liga មកប្រជែងគ្នាដណ្តើមពាននេះ ខណៈបច្ចុប្បន្នត្រូវបានកែប្រែការប្រកួតប្រជែងចាប់តាំងពីឆ្នាំ២០២០ ដោយមាន ៤ក្រុម គឺយកក្រុមឈ្នះ និងក្រុមរងនៃពានរង្វាន់ Copa del Rey និង La Liga មកប្រជែងគ្នា ៕





