Bayern បំបាក់ Wolfsburg ៨-១ ដើម្បីបង្កើនគំលាតនាំមុខកំពូលតារាង Bundesliga ដាច់ ១១ពិន្ទុ

12-01-2026 10:41

(បរទេស)៖ ក្រុមការពារតំណែងជើងឯក Bayern Munich បានបន្តគ្រប់គ្រងតំណែងកំពូលតារាងលីគអាល្លឺម៉ង់ Bundesliga 2025-26 ដោយមាន ៤៤ពិន្ទុ នាំមុខដាច់ដល់ទៅ ១១ពិន្ទុពីក្រុមលេខ២ Borussia Dortmund តាមរយៈបំបាក់គូប្រជែង Wolfsburg ក្នុងលទ្ធផល ៨ទល់នឹង១ នារាត្រីថ្ងៃអាទិត្យ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្នុងចំណោម ៨គ្រាប់ក្នុងកីឡដ្ឋាន Allianz Arena ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ ៧៥,០០០នាក់នោះដែរ ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ក៏បន្តរកបាន ១គ្រាប់នៅនាទី៦៩ កើនបាន ៣១គ្រាប់ហើយ ក្នុងចំណោម ២៦ប្រកួតសរុបគ្រប់កម្មវិធីនារដូវកាលនេះជាមួយក្រុមដែលដឹកនាំដោយអ្នកចាត់ការសញ្ជាតិប៊ែលហ្សិក លោក Vincent Kompany។

ទោះជាបែបនេះក្តី Wolfsburg ក៏បានសាងកំណត់ត្រាថ្មីនៅ Bundesliga តាមរយៈបង្កើតគ្រាប់បាល់ចូលទីខ្លួនឯង ៣ប្រកួតជាប់ៗគ្នាទៅវិញ នៅពេលខ្សែការពារ Kilian Fischer បានព្យាយាមរារាំងបាល់ពី Luis Diaz ក៏ប៉ុន្តែបាល់នោះចូលទីខ្លួនឯង ត្រឹមចាប់ផ្តើមលេងបានតែ ៥នាទីប៉ុណ្ណោះ។

Wolfsburg ដែលកំពុងឈរនៅលេខរៀងទី១៤ បណ្តោះអាសន្នជាមួយនឹង ១៥ពិន្ទុសរុប នៅក្រៅតំបន់កាត់ចោលតែ ៣ពិន្ទុផងនោះ ក៏បានធ្វើការឆ្លើយបត ដោយវាយបកតាមស្មើ ១-១ វិញនៅ ៨នាទីបន្ទាប់ ពីការធ្វើបានសម្រេចរបស់កីឡាករ Dzenan Pejcinovic មុនពេលក្រុមខ្លារខិនបានដាក់សម្ពាធ និងគ្រប់គ្រងការប្រកួតស្ទើរទាំងស្រុង ដោយរកបានដល់ទៅ ៧គ្រាប់បន្តបន្ទាប់ឯណោះនៃសប្តាហ៍ទី១៦៕