ឥណ្ឌាចេញច្បាប់បង្ខំឱ្យក្រុមហ៊ុនទូរស័ព្ទយក្សដូចជា Apple និង Samsung បង្ហាញ «Source Code» បង្កឱ្យមានការតវ៉ាយ៉ាងខ្លាំង

12-01-2026 11:06

(ញូវដេលី)៖ រដ្ឋាភិបាលឥណ្ឌាបានស្នើឱ្យក្រុមហ៊ុនផលិតទូរស័ព្ទឆ្លាតវៃ (Smartphone) ចែករំលែកកូដប្រព័ន្ធប្រតិបត្តិការ (Source Code) ជាមួយរដ្ឋាភិបាល និងធ្វើការផ្លាស់ប្តូរផ្នែកទន់ (Software) មួយចំនួន ដែលជាផ្នែកនៃវិធានការសន្តិសុខជាតិ។ បញ្ហានេះបានបង្កឱ្យមានការប្រឆាំងយ៉ាងខ្លាំងពីក្រុមហ៊ុនយក្សៗដូចជា Apple, Samsung និង Google ជាដើម។

យោងតាមឯកសារសម្ងាត់ និងប្រភពដែលជិតស្និទ្ធនឹងការពិភាក្សានេះ ក្រុមហ៊ុនបច្ចេកវិទ្យាបានលើកឡើងថា ស្តង់ដារសន្តិសុខចំនួន ៨៣ ចំណុចដែលឥណ្ឌាចង់អនុវត្ត រួមទាំងការតម្រូវឱ្យផ្តល់ដំណឹងដល់រដ្ឋាភិបាលរាល់ពេលមានការ Update កម្មវិធីធំៗ គឺជាការទាមទារដែលមិនធ្លាប់មាននៅលើពិភពលោក និងប្រឈមនឹងការលេចធ្លាយអាថ៌កំបាំងពាណិជ្ជកម្ម។

ផែនការនេះគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រី Narendra Modi ក្នុងការបង្កើនសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់ ខណៈដែលករណីឆបោកតាមអ៊ីនធឺណិត និងការលួចទិន្នន័យកំពុងកើនឡើងនៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារទូរស័ព្ទធំជាងគេលំដាប់ទី ២ លើពិភពលោក (មានទូរស័ព្ទប្រើប្រាស់ជិត ៧៥០ លានគ្រឿង)។

លោក S. Krishnan លេខាធិការផ្នែកព័ត៌មានវិទ្យាបានប្រាប់ Reuters ថា៖ «រាល់ការបារម្ភស្របច្បាប់របស់ឧស្សាហកម្មនេះ នឹងត្រូវបានដោះស្រាយដោយចិត្តទូលាយ» ប៉ុន្តែលោកថាវានៅឆាប់ពេកក្នុងការសន្និដ្ឋានពីលទ្ធផល។

ក្នុងចំណោមការទាមទារដែលរសើបបំផុត ទី១ គឺការពិនិត្យ Source Code៖ រដ្ឋាភិបាលចង់ឱ្យមានការវិភាគ និងធ្វើតេស្តកូដគ្រឹះនៃទូរស័ព្ទនៅក្នុងមន្ទីរពិសោធន៍ដែលឥណ្ឌាកំណត់។​ទី២ គឺការលុបកម្មវិធីជាប់ម៉ាស៊ីន (Pre-installed Apps)៖ តម្រូវឱ្យក្រុមហ៊ុនអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចលុបកម្មវិធីដែលមកជាមួយម៉ាស៊ីនបាន។ ទី៣ គឺការគ្រប់គ្រងកាមេរ៉ា និងមីក្រូហ្វូន៖ បិទមិនឱ្យកម្មវិធីប្រើប្រាស់កាមេរ៉ា ឬមីក្រូហ្វូននៅពីក្រោយខ្នង (Background) ដើម្បីការពារការលួចស្តាប់ ឬលួចមើល និងទី៤ គឺការរក្សាទុកទិន្នន័យ (Logs):៖ បង្ខំឱ្យទូរស័ព្ទរក្សាទុកកំណត់ត្រាសកម្មភាពប្រព័ន្ធ (System Logs) រហូតដល់ ១២ ខែ។

សមាគមឧស្សាហកម្មឥណ្ឌា MAIT ដែលតំណាងឱ្យក្រុមហ៊ុនដូចជា Apple និង Samsung បានបញ្ជាក់នៅក្នុងឯកសារសម្ងាត់ថា ការទាមទារឱ្យបង្ហាញ Source Code គឺ «មិនអាចទៅរួចទេ» ដោយសារតែវាជាការសម្ងាត់បំផុត និងប៉ះពាល់ដល់សិទ្ធិឯកជនភាព។

ក្រុមហ៊ុននានាក៏បានលើកឡើងផងដែរថា ការស្កែនមេរោគ (Malware Scanning) ស្វ័យប្រវត្តិ៖ នឹងធ្វើឱ្យស៊ីថ្មទូរស័ព្ទយ៉ាងខ្លាំង។ ការសុំអនុញ្ញាតមុននឹង Update ផ្នែកទន់៖ គឺជាការអនុវត្តដែល «មិនជាក់ស្តែង» ព្រោះការ Update សន្តិសុខចាំបាច់ត្រូវធ្វើឡើងជាបន្ទាន់។ ការផ្ទុកទិន្នន័យ ១ ឆ្នាំ៖ ទូរស័ព្ទមិនមានទំហំផ្ទុក (Space) គ្រប់គ្រាន់សម្រាប់រក្សាទុកកំណត់ត្រាសកម្មភាពយូរបែបនេះទេ។

គួររំលឹកផងដែរថា កន្លងមកក្រុមហ៊ុន Apple ធ្លាប់បានបដិសេធសំណើរសុំពិនិត្យ Source Code ពីសំណាក់រដ្ឋាភិបាលចិនចន្លោះឆ្នាំ ២០១៤ ដល់ ២០១៦ ហើយសូម្បីតែអាជ្ញាធរអាមេរិកក៏ធ្លាប់ព្យាយាមទាមទារ ប៉ុន្តែមិនបានសម្រេចដូចគ្នា៕