Murphy និង Selby ហាលអាវពីជុំទី១ នៃកម្មវិធី Masters 2026 ដូចគ្នាដ៏គួរឱ្យភ្ញាក់ផ្អើល
12-01-2026 11:20
(បរទេស)៖ ម្ចាស់ការពារតំណែងជើងឯក Shaun Murphy និងម្ចាស់ពាន UK គឺ Mark Selby បានធ្លាក់ចេញពីកម្មវិធី ស្នូកឃ័រ Masters 2026 នៅថ្ងៃបើកឆាកដូចគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ការប្រកួតដែលត្រូវបានរៀបចំឡើងនៅឯមជ្ឈមណ្ឌល London’s Alexandra Palace នោះ Murphy បានបរាជ័យ ៦-២ ក្រោមស្នាដៃរបស់កីឡាករចិន Wu Yize ត្រឹមជុំទី១ ប៉ុណ្ណោះមុនពេល Selby ម្ចាស់ពាន UK Championship កាលពីខែមុន ក៏បានចាញ់គូប្រជែងមកពីចិនផងដែរ Xiao Guodong ក្រោមលទ្ធផលដូចគ្នា។
ក្នុងជំនួបនោះដែរ Murphy បានចាញ់ ៣ហ្វ្រេមដំបូង មុនពេលធ្វើបាន ១ហ្វ្រេមមកវិញ និងបានបរាជ័យពីការវាយកូនខ្មៅបញ្ចូលឡូ ក្នុងហ្រ្វេមទី៥។
ចំណែកឯ Wu វ័យ ២២ឆ្នាំដែលស្ថិតនៅចំណាត់ថ្នាក់លេខ១៣ ពិភពលោកបច្ចុប្បន្ន គឺបានចូលរួមកម្មវិធីប្រកួតប្រជែងចំណាត់ថ្នាក់ជាលើកដំបូងរបស់ខ្លួន គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ ជាពេលដែលលោកបានឈ្នះជើងឯក International Championship ស្ថិតក្នុងខេត្ត Yanjing ជាទឹកដីកំណើតរបស់ខ្លួន ក្រោយផ្តួលសុទ្ធតែលំដាប់ជើងខ្លាំងមានដូចជា Judd Trump, Zhao Xintong និង John Higgins ជាដើម។
ចំណុចគួរកត់សម្គាល់មួយទៀតនៅឯទីលាន Alexandra Palace របស់អង់គ្លេស Wu ក៏បានបង្កការភ្ញាក់ផ្អើល តាមរយៈវាយបានពិន្ទុដល់ទៅ ១៣៧ពិន្ទុឯណោះ ក្នុងហ្វ្រេមទី២ និងពិន្ទុជ័យជម្នះត្រឹមតែ ៥៦ពិន្ទុថែមទៀត ក្នុងហ្វេ្រមទី៧៕




