TSMC ត្រៀមប្រកាសប្រាក់ចំណេញកប់ពពក បំបែកកំណត់ត្រាប្រវត្តិសាស្ត្រ
12-01-2026 14:14
(បរទេស)៖ ក្រុមហ៊ុន TSMC ដែលជាឆ្អឹងខ្នងផលិតឈីបឱ្យក្រុមហ៊ុន Apple និង Nvidia ត្រូវបានព្យាករណ៍ថា នឹងទទួលបានប្រាក់ចំណេញសុទ្ធហក់ឡើងដល់ ២៧% ឬប្រមាណ ១៥ ពាន់លានដុល្លារ ក្នុងត្រីមាសទី ៤ នេះ។ កំណើនដ៏មហិមានេះ កើតឡើងដោយសារតែពិភពលោកកំពុងមាន «តម្រូវការឥតឈប់ឈរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ AI» ដែលធ្វើឱ្យរោងចក្រផលិតឈីបកម្រិតខ្ពស់របស់ក្រុមហ៊ុន ដំណើរការស្ទើរតែពេញសមត្ថភាពមិនមានពេលសម្រាក។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។
លោក Galen Zeng អ្នកជំនាញមកពីក្រុមហ៊ុន IDC បានពន្យល់ថា កត្តាជំរុញចម្បងគឺការផលិតឈីបកម្រិត 3-nanometre សម្រាប់ប្រើក្នុងទូរស័ព្ទ iPhone 17 (ឈីប A19) និងតម្រូវការខ្លាំងក្លាលើផ្នែក AI។ លោកបានសង្កត់ធ្ងន់ថា៖ «កម្លាំងរុញច្រានដ៏សំខាន់បំផុត គឺការរីកចម្រើនយ៉ាងគំហុកនៃទីផ្សារផលិតឧបករណ៍បង្កើនល្បឿនសម្រាប់ម៉ាស៊ីនមេ AI» ដែលទីផ្សារនេះត្រូវបានគេរំពឹងថានឹងបន្តកើនឡើងដល់ ៧៨% នៅឆ្នាំ ២០២៦ ខាងមុខ។
ទោះបីជាកំពុងជោគជ័យខ្លាំង ប៉ុន្តែអ្នកជំនាញក៏កំពុងតាមដានពីបញ្ហាប្រឈមថ្មីៗផងដែរ។ លោក Shay Boloor យុទ្ធសាស្ត្រករទីផ្សារនៃ Futurum Equities បានកត់សម្គាល់ថា៖ «តម្រូវការ AI កំពុងបង្កើនល្បឿនយ៉ាងច្បាស់ ហើយ TSMC នៅតែបន្តដណ្តើមបានចំណែកទីផ្សារនាំមុខគេ ខណៈដែលគូប្រជែងកំពុងតស៊ូដកដង្ហើមតាមឱ្យទាន់»។ ទោះជាយ៉ាងណា លោកបានព្រមានថា ការចំណាយខ្ពស់លើការពង្រីករោងចក្រនៅក្រៅប្រទេស (ដូចជានៅអាមេរិក) អាចនឹងធ្វើឱ្យប៉ះពាល់ដល់រឹមប្រាក់ចំណេញខ្លះៗរបស់ក្រុមហ៊ុន។
គួរជម្រាបថា ទោះបីជាមានការបារម្ភពីគោលនយោបាយពន្ធគយរបស់លោក Donald Trump ក៏ដោយ ប៉ុន្តែបច្ចុប្បន្នផលិតផលឈីបនៅតែស្ថិតក្នុងបញ្ជីលើកលែងមិនជាប់ពន្ធឡើយ។ ជាមួយនឹងតម្លៃទីផ្សាររហូតដល់ ១,៣៨ ពាន់ពាន់លានដុល្លារ TSMC មិនត្រឹមតែជាក្រុមហ៊ុនមានតម្លៃបំផុតនៅអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកសម្រេចវាសនាបច្ចេកវិទ្យាសកល ដែលកំពុងនាំមុខគូប្រជែងដូចជា Samsung ដាច់តែម្តង៕











