ធនាគារ «ABA» កំណត់ស្តង់ដារសកល ជាមួយពានរង្វាន់ «Elite Quality Recognition Award 2025» ពី «JP Morgan»

12-01-2026 14:23

(ភ្នំពេញ)៖ ក្នុងនាមជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា ធនាគារ ABA មានមោទនភាពយ៉ាងក្រៃលែង ដោយជាថ្មីម្តងទៀត ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាព Elite Quality Recognition Award ពី JP Morgan ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំលំដាប់ពិភពលោកពីសហរដ្ឋអាមេរិក។ ដោយទទួលបានពានរង្វាន់នេះប្រាំមួយឆ្នាំជាប់ៗគ្នា ABA បានបន្តរក្សាបានចំណាត់ថ្នាក់ស្តង់ដាប្រតិបត្តិការ ប្រព័ន្ធដំណើរការឆ្លងកាត់ត្រង់ផ្ទាល់ (STP rate) ឈានមុខគេ ដោយវិនិយោគទៅលើបច្ចេកវិទ្យាទំនើប និងពង្រឹងប្រព័ន្ធទូទាត់របស់ខ្លួន។ នៅក្នុងឆ្នាំ២០២៤ ធនាគារទទួលបានចំណាត់ថ្នាក់ STP ក្នុងកម្រិត ៩៩.៨១% សម្រាប់ការផាត់ទាត់ជារូបិយប័ណ្ណដុល្លារ ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ជូនអតិថិជននូវសេវាផ្ទេរ និងទូទាត់អន្ដរជាតិដ៏សុក្រិត សុវត្ថិភាព និងប្រសិទ្ធភាព។

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ តំណាងរបស់ JP Morgan ប្រចាំតំបន់ បានប្រគល់ពាន និង Certificate for the Outstanding Achievement of the Best-in-Class MT103 STP Rate ៩៩.៨១% ជូនដល់ធនាគារ ABA នៅការិយាល័យកណ្តាលរបស់ធនាគារ។

នៅជំនួបជាមួយ JP Morgan លោក Zhiger Atchabarovអគ្គនាយករងប្រតិបត្តិ នាយកប្រតិបត្តិការ និងជានាយករងប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា «ការទទួលបានពានរង្វាន់នេះប្រាំមួយ ឆ្នាំជាប់គ្នា បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ ABA ក្នុងការផ្តល់សេវាកម្មល្អឯកជូនអតិថិជន។ ជាមួយ STP ក្នុងកម្រិត ៩៩.៨១% នៅក្នុងប្រតិបត្តិការផ្ទេរប្រាក់ ចំណាត់ថ្នាក់នេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារយើងខ្ញុំ ធ្វើយ៉ាងណាឲ្យការប្រតិបត្តិការផ្ទេរ និងទូទាត់ឆ្លងប្រទេស លឿនស្រួល ជាទីទុកចិត្ត និងសុក្រិត សម្រាប់អតិថិជនគ្រប់រូប»

លោកក៏បានបន្ថែមថា «ដោយសម្លឹងឆ្ពោះទៅមុខប្រកបដោយសុទិដ្ឋិនិយម យើងខ្ញុំនឹងបន្តរីកចម្រើននិងអភិវឌ្ឍទៅមុខជាលំដាប់ដើម្បីធានាឲ្យបានថា អតិថិជនទូទៅ និងបណ្ដាធុរកិច្ច អាចពឹងផ្អែក ABA សម្រាប់ ដំណោះស្រាយហិរញ្ញវត្ថុលំដាប់ពិភពលោក, ទាំងងាយស្រួល និងសុវត្ថិភាព»

លោក Giang Bui ប្រធានប្រតិបត្តិផ្នែកលក់ FIG Sales នៃគ្រឹះស្ថានJP Morgan មានប្រសាសន៍ថា «កម្រិតនេះ គឺជាសូចនាករដ៏សំខាន់នៃការវាស់វែងប្រសិទ្ធភាព សុក្រិតភាព និងបទដ្ឋានស្ដង់ដារកម្រិតខ្ពស់ ក្នុងដំណើរការទូទាត់អន្តរជាតិពី ABA។ ការណ៍នេះ ជួយកាត់បន្ថយហានិភ័យ កាត់បន្ថយកំហុសឆ្គង និងពង្រឹងសមត្ថភាពប្រតិបត្តិការ»

លោកបានបន្ថែមថា «ការទទួលស្គាល់នេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីសមិទ្ធផលបច្ចុប្បន្ននោះទេ ប៉ុន្តែក៏បានជំរុញឲ្យ ABA និង J.P.Morgan សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីផ្តល់នូវដំណោះស្រាយថ្មីលើកកម្ពស់ពាណិជ្ជកម្មសកល ពង្រឹងប្រសិទ្ធភាពប្រតិបត្តិការតាមរយៈបច្ចេកវិទ្យា និងផ្តល់គុណតម្លៃកាន់តែប្រសើរដល់អតិថិជន»

សមត្ថភាពដ៏លេចធ្លោរបស់ ABA ទៅលើដំណើរការទូទាត់ និងឧត្តមភាពប្រតិបត្តិការ បានបន្តជំរុញវឌ្ឍនភាពហិរញ្ញវត្ថុរបស់កម្ពុជា និងពង្រឹងការទទួលស្គាល់ពីគ្រឹះស្ថានអន្តរជាតិកំពូលៗ។ ក្នុងនាមជាធនាគារដំបូងគេបង្អស់ និងជាធនាគារតែមួយគត់នៅកម្ពុជា ដែលទទួលបានពានរង្វាន់ដ៏មានកិត្យានុភាព និងបន្ដរក្សាតំណែងនៃឧត្តមភាពឆ្នើមនេះចាប់តាំងពីឆ្នាំដំបូងមក ABA បានគូសបញ្ជាក់យ៉ាងច្បាស់ពីសមត្ថភាពកម្ពុជា ក្នុងការប្រកួតប្រជែងក្នុងចំណោមធនាគារកំពូលៗ ក្នុងសហគមធនាគារលើសកលលោក៕