កម្ពុជាគ្រោងពង្រីកព្រឹត្តិការណ៍តេក្វាន់ដូ Hope International កាន់តែធំ ក្រោយជោគជ័យក្នុងការរៀបចំអន្ដរជាតិលើកដំបូង

12-01-2026 14:44

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតអន្ដរក្លិបកីឡាតេក្វាន់ដូ WT អន្ដរជាតិ Hope International Open Taekwondo Championship លើកទី១ ឆ្នាំ២០២៦ នៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្នុងដំណើរការប្រកួតរយៈពេល ៣ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដោយម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ៦៩៨គ្រឿង ខណៈសហព័ន្ធគ្រោងពង្រីកព្រឹត្តិការណ៍នេះកាន់តែធំបន្ថែមទៀតនាឆ្នាំក្រោយៗ។

ការប្រកួតផ្ដោតថ្នាលយុវជន ចាប់ពីអាយុ ៥ឆ្នាំឡើង រហូតដល់អាយុលើស ១៨ឆ្នាំនេះ គឺមានកីឡាករ-កីឡាការិនីចូលរួមសរុប ៥៦០នាក់ ស្មើនឹង ៤២ក្លិប និងមកពី ៦ប្រទេសចូលរួម រួមមានមីយ៉ាន់ម៉ា សិង្ហបុរី វៀតណាម ម៉ាឡេស៊ី កូរ៉េខាងត្បូង និងម្ចាស់ផ្ទះកម្ពុជា ដែលធ្វើការប្រកួតលើវិញ្ញាសាសរុបចំនួន ២០៦វិញ្ញាសា។ ជាលទ្ធផលកម្ពុជាដណ្ដើមបានមេដាយច្រើនជាងគេសរុប ៦៩៨គ្រឿង (មាស ២២៨, ប្រាក់ ១៩៥ និងសំរឹទ្ធ ២៧៥)។

លោក Choi Yongsok គ្រូបង្គោលតេក្វាន់ដូ WT ជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ផ្ដោតសំខាន់លើការចូលរួម និងការអភិវឌ្ឍ ជាពិសេសថ្នាលវ័យក្មេង ចាប់ពីអាយុ ៥ឆ្នាំឡើង ដើម្បីបណ្ដុះពួកគេឲ្យក្លាយជាធនធានបន្ដវេនដ៏មានសក្កានុពលសម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសគឺការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ ចំពោះការបង្ហាញសមត្ថភាពដ៏ល្អរបស់អត្តពលិកទាំងអស់។

ក្រោយសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ ក្នុងការប្រកួតអន្ដរក្លិបអន្ដរជាតិលើកដំបូង ក្រោមកិច្ចសហការរវាងខេមរសហព័ន្ធតេក្វាន់ដូ Taekwondo Academy និង Kukkiwon Cambodia សហព័ន្ធគ្រោងនឹងស្នើសុំកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីពង្រីកការរៀបចំកាន់តែធំនាឆ្នាំក្រោយ ដោយអញ្ជើញបណ្ដាប្រទេសមកពីជុំវិញពិភពលោកចូលរួម ក្នុងគោលបំណងជំរុញសក្ដានុពល និងការអភិវឌ្ឍកីឡាតេក្វាន់ដូ WT ឲ្យកាន់តែរីកចម្រើន។

គួរដឹងថា ឆ្លងកាត់ការប្រកួតរយៈពេល ៣ថ្ងៃ ក្រោមស្មារតីកីឡា និងមិត្តភាព សាមគ្គីភាព រវាងអត្តពលិកចូលរួមទាំងអស់ ជាលទ្ធផលក្រៅពីកម្ពុជា ដែលឈ្នះមេដាយសរុប ៦៩៨គ្រឿងច្រើនជាងគេ គឺមានមីយ៉ាន់ម៉ា ឈរលេខ ២ ឈ្នះមេដាយមាស ១៥ ប្រាក់ ៨ និងសំរឹទ្ធ ១៨ សរុប ៤១ គ្រឿង។ វៀតណាម ឈរលេខ ៣ ឈ្នះមេដាយមាស ២ ប្រាក់១ សរុប ៣ គ្រឿង។ សិង្ហបុរី ឈរលេខ៤ ឈ្នះមេដាយមាស១ ប្រាក់១ សរុប ២ គ្រឿង។ ម៉ាឡេស៊ី ឈរលេខ៥ ឈ្នះមេដាយមាស ១ គ្រឿង និងកូរ៉េខាងត្បូងបានមេដាយសំរឹទ្ធ ២ គ្រឿង ឈរលេខ៦៕