ទីផ្សារទូរស័ព្ទឆ្លាតវៃពិភពលោកកើនឡើង ២% ក្នុងឆ្នាំ ២០២៥ ខណៈ Apple ក្លាយជាក្រុមហ៊ុននាំមុខគេ
12-01-2026 15:31
(បរទេស)៖ របាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research នៅថ្ងៃច័ន្ទបានបង្ហាញថា ការនាំចេញទូរស័ព្ទឆ្លាតវៃ (Smartphone) នៅទូទាំងពិភពលោកបានកើនឡើង ២% ក្នុងឆ្នាំ ២០២៥ បើធៀបនឹងឆ្នាំមុន។ កំណើននេះត្រូវបានរុញច្រានដោយតម្រូវការខ្ពស់ និងសន្ទុះសេដ្ឋកិច្ចល្អនៅក្នុងទីផ្សារប្រទេសកំពុងអភិវឌ្ឍន៍។
ក្រុមហ៊ុន Apple បានក្លាយជាអ្នកដឹកនាំទីផ្សារដោយក្តោបក្តាប់ចំណែកទីផ្សារបាន ២០% ដែលជាចំនួនច្រើនបំផុតក្នុងចំណោមម៉ាកទូរស័ព្ទកំពូលទាំង ៥។ លោក Varun Mishra អ្នកវិភាគរបស់ Counterpoint បានលើកឡើងថា កំណើនរបស់ Apple គឺទទួលបានការគាំទ្រពីតម្រូវការដ៏រឹងមាំនៅក្នុងទីផ្សារប្រទេសកំពុងអភិវឌ្ឍន៍ និងទីផ្សារខ្នាតមធ្យម រួមផ្សំជាមួយនឹងជោគជ័យនៃការលក់ទូរស័ព្ទស៊េរី iPhone 17។
ចំណែកឯក្រុមហ៊ុនដទៃទៀតរួមមាន Samsung បានឈរនៅចំណាត់ថ្នាក់លេខ ២ ជាមួយនឹងចំណែកទីផ្សារ ១៩% (មានកំណើនការនាំចេញក្នុងកម្រិតមធ្យម) ចំណែក Xiaomi ឈរនៅលេខ ៣ ជាមួយនឹងចំណែកទីផ្សារ ១៣% ដោយសារតម្រូវការមានស្ថេរភាពនៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍។
ទោះបីជាឆ្នាំ ២០២៥ មានភាពវិជ្ជមានក៏ដោយ ក៏អ្នកជំនាញបានព្យាករណ៍ថា ទីផ្សារទូរស័ព្ទឆ្លាតវៃពិភពលោកអាចនឹងមានការធ្លាក់ចុះមកវិញ (Soften) នៅក្នុងឆ្នាំ ២០២៦ ខាងមុខនេះ៕







