បដិវត្តន៍វេជ្ជសាស្ត្រ៖ រ៉ូបូតខ្នាតតូច អាចកម្ទេចក្រួសក្នុងតម្រងនោម ដោយមិនបាច់វះកាត់, គ្មានឈាម គ្មានស្នាកស្នាម មិនប្រើថ្នាំសន្លប់
13-01-2026 08:51
(បរទេស)៖ ការវះកាត់ក្រួសក្នុងតម្រងនោមអាចនឹងក្លាយជារឿងអតីតកាល! ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រមកពីប្រទេសកាណាដា បានប្រកាសពីជោគជ័យនៃបច្ចេកវិទ្យា Microrobot ដែលមានសមត្ថភាពចូលទៅបំបែកក្រួសក្នុងតម្រងនោម ឱ្យក្លាយជាខ្សាច់ក្នុងរយៈពេលត្រឹមតែ ៣០ នាទី ប៉ុណ្ណោះ។
តើ Microrobot ដំណើរការយ៉ាងដូចម្តេច?
រ៉ូបូតខ្នាតតូចនេះមានទំហំតូចជាងសរសៃសក់មនុស្សទៅទៀត។ ជំនួសឱ្យការវះកាត់បើកមុខរបួសធំៗគ្រូពេទ្យគ្រាន់តែបញ្ចូលរ៉ូបូតនេះតាមផ្លូវទឹកនោមធម្មជាតិ។ ចំណុចដែលអស្ចារ្យបំផុតនោះគឺ ការបញ្ជាទិសដៅ ដោយគ្រូពេទ្យប្រើប្រាស់ឧបករណ៍បញ្ចេញដែកម៉ាញ៉េទិចពីខាងក្រៅរាងកាយ ដើម្បីណែនាំផ្លូវឱ្យរ៉ូបូតហែលទៅដល់ចំណុចដែលមានក្រួសចំគោលដៅបំផុត។ នៅពេលទៅដល់គោលដៅ រ៉ូបូតនឹងប្រើប្រាស់កម្លាំងរំញ័រម៉ាញ៉េទិចកម្រិតខ្ពស់ ដើម្បីកិនកម្ទេចក្រួសឱ្យម៉ដ្តក្លាយជាម្សៅខ្សាច់ រួចបញ្ចេញមកក្រៅតាមទឹកនោមដោយខ្លួនឯង។
អត្ថប្រយោជន៍សម្រាប់អ្នកជំងឺ
បច្ចេកវិទ្យានេះត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរជីវិតអ្នកជំងឺក្រួសក្នុងតម្រងនោមរាប់លាននាក់ ដោយសារមិនមានការវះកាត់ មិនហូរឈាម និងមិនបន្សល់ទុកស្នាម។ អ្នកជំងឺមិនចាំបាច់ប្រើថ្នាំសន្លប់ខ្លាំង ហើយអាចត្រឡប់ទៅផ្ទះវិញក្នុងរយៈពេលត្រឹមតែ ៦ ម៉ោងក្រោយការព្យាបាល។ កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ ឬការប៉ះពាល់ដល់ជាលិកាសាច់ដុំជុំវិញតម្រងនោម បើធៀបនឹងការបាញ់រលកសម្លេងពីខាងក្រៅ។
ទស្សនវិស័យទៅអនាគត
ទោះបីជាបច្ចេកវិទ្យានេះកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងចុងក្រោយ និងរង់ចាំការអនុម័តជាផ្លូវការពីស្ថាប័នសុខាភិបាលក្នុងប្រទេសមួយចំនួនក៏ដោយ ប៉ុន្តែវាបានបង្ហាញពីពន្លឺសង្ឃឹមថ្មីសម្រាប់វិស័យសុខាភិបាលឌីជីថល។ អ្នកជំនាញជឿជាក់ថា ក្នុងពេលឆាប់ៗខាងមុខ រ៉ូបូតតូចៗទាំងនេះនឹងមិនត្រឹមតែព្យាបាលក្រួសក្នុងតម្រងនោមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រើដើម្បីសម្អាតខ្លាញ់ក្នុងសរសៃឈាម និងព្យាបាលជំងឺមហារីកចំគោលដៅទៀតផង៕






