AI ផ្ទុះខ្លាំង ពេលនេះតម្លៃក្រុមហ៊ុន Alphabet ឈានដល់ ៤ទ្រីលានដុល្លារ
13-01-2026 09:29
(បរទេស)៖ Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានឈានដល់តម្លៃទីផ្សារជិត ៤ទ្រីលានដុល្លារអាមេរិកជាលើកដំបូង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ខណៈដែលទំនុកចិត្តរបស់វិនិយោគិនកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុនបានផ្តោតសំខាន់លើការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
តម្លៃភាគហ៊ុនរបស់ Alphabet បានកើនឡើងយ៉ាងគំហុក ដោយជួយឲ្យក្រុមហ៊ុននេះ នាំមុខ Apple និងក្លាយជាក្រុមហ៊ុនដែលមានតម្លៃទីផ្សារធំជាងគេទី២នៅលើពិភពលោក បន្ទាប់ពី Nvidia។ វិនិយោគិនបានឆ្លើយតបវិជ្ជមានចំពោះយុទ្ធសាស្ត្រ AI ថ្មីៗ រួមមានការអភិវឌ្ឍម៉ូឌែល Gemini AI និងការពង្រីកការប្រើប្រាស់ AI ទៅក្នុងសេវាកម្មស្វែងរក ការផ្សព្វផ្សាយ និង Cloud។
អ្នកវិភាគបានលើកឡើងថា Alphabet កំពុងបង្ហាញភាពប្រកួតប្រជែងខ្លាំងជាងមុន ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុន AI ធំៗផ្សេងទៀត ដោយសារការរួមបញ្ចូល AI ទៅក្នុងផលិតផលស្នូលរបស់ខ្លួន និងការរីកចម្រើនខ្លាំងនៃ Google Cloud ដែលទទួលបានកិច្ចសន្យាអាជីវកម្មធំៗជាច្រើន។ ការកើនឡើងនេះក៏ឆ្លុះបញ្ចាំងពីនិន្នាការទូទៅនៃទីផ្សារបច្ចេកវិទ្យា ដែលវិនិយោគិនកំពុងភ្នាល់យ៉ាងខ្លាំងលើក្រុមហ៊ុនដែលមានសមត្ថភាពនាំមុខក្នុងវិស័យ AI។ Alphabet បានក្លាយជាក្រុមហ៊ុនទីបួនក្នុងប្រវត្តិសាស្ត្រ ដែលអាចឈានដល់កម្រិតតម្លៃទីផ្សារ ៤ ទរីលានដុល្លារ បន្ទាប់ពី Nvidia, Microsoft និង Apple៕













