PSG ជ្រុះចេញពីពានរង្វាន់ Coupe de France ដ៏លឿនបំផុត ក្រោមថ្វីជើងរបស់ Paris FC
13-01-2026 10:18
(បរទេស)៖ Paris Saint Germain បានហាលអាវពីពានរង្វាន់លំដាប់ទី២ Coupe de France 2025-26 ក្នុងនាមជាក្រុមការពារតំណែងជើងឯកផងនោះ ក្រោយចាញ់គូប្រជែង Paris FC ១-០ នាយប់មិញនេះពីក្នុងវគ្គ ៣២ក្រុមចុងក្រោយ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នេះជាលើកដំបូងផងដែរសម្រាប់ក្រុមជើងខ្លាំងប្រចាំទីក្រុង Paris ដែលបានជ្រុះចេញដ៏លឿនបំផុតពីក្នុងវគ្គ ៣២ក្រុមគិតចាប់តាំងពីឆ្នាំ២០១៤ និងក្នុងនាមជាម្ចាស់ជើងឯក ៤លើក ក្នុងចំណោម ៦សម័យកាលចុងក្រោយនេះទៀតផង។
ពួកគេបានឈ្នះពាន Coupe de France គម្រប់លើកទី១៦ នារដូវកាលមុន ប៉ុន្តែបានចាញ់ក្រុមទើបឡើងមកលេងនៅ Ligue 1 រដូវកាលនេះ ក្នុងនាមក្រុមស្ថិតនៅទីក្រុងប៉ារីសជាមួយគ្នានៃកីឡដ្ឋាន Parc des Princes របស់ខ្លួនថែមទៀត។
កីឡាករ Jonathan Ikone ដែលបានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយ PSG ជាអ្នករកបានគ្រាប់ជ័យជម្នះតែ ១គ្រាប់ ពីការបញ្ជូនរបស់ Kebbal នៅនាទី៧៤ នៅពេលក្រុមរបស់លោក Luis Enrique បានព្យាយាមដាក់សម្ពាធ ប៉ុន្តែត្រូវបានជួយសង្រ្គោះបាល់បានយ៉ាងល្អពីសំណាក់អ្នកចាំទី Obed Nkambadlo មានទាំងស៊ុតពីចម្ងាយរបស់ Vitinha ថែមទៀតចុងម៉ោង។
ក្រុមទាំងពីរទើបតែបានជួបគ្នាកាលពីដើមខែមករា ឆ្នាំ២០២៦ នៅកម្មវិធីលីគកំពូលបារាំង Ligue 1 និងជាជំនួប Derby លើកដំបូងគិតចាប់ពីឆ្នាំ១៩៩០ នៅពេល Desire Doue និង Ousmane Dembele រកបានម្នាក់ ១គ្រាប់ក្នុងជ័យជម្នះ ២-១៕



