ជើងឯកកីឡាអេឡិចត្រូនិកថ្នាក់ជាតិ កើនទាំងបរិមាណចូលរួម និងគុណផលបច្ចេកទេស

13-01-2026 11:26

(ភ្នំពេញ)៖ ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ក្នុងដំណើរការប្រកួតពេញ ១សប្ដាហ៍ នៅមជ្ឈមណ្ឌលកីឡា T.Y Media Esports Center ដោយមានកំណើន ទាំងបរិមាណកីឡាករចូលរួម និងគុណផលបច្ចេកទេស ស្របតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធចង់បាន។

យោងតាមរបាយការណ៍គណៈកម្មការប្រកួត ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានកីឡាករចូលរួមយ៉ាងច្រើនកុះករ ដែលធ្វើការប្រកួតលើ ៤វិញ្ញាសា រួមមានវិញ្ញាសា eFootball Mobile មានកីឡាករចូលរួម ១,២៦១នាក់, វិញ្ញាសា eFootball Console មានកីឡាករចូលរួម ១២៥នាក់, វិញ្ញាសា Valorant មានកីឡាករ ១១៤នាក់ ស្មើនឹង ១៩ក្រុមចូលរួម និងវិញ្ញាសា Mobile Legends: Bang Bang មានកីឡាករ ១,៨៧៥នាក់ ស្មើនឹង ៣៣៥ក្រុមចូលរួម។

តួរលេខនៃការចូលរួមនេះ ត្រូវបានលោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ ចាត់ទុកជាសញ្ញាណវិជ្ជមាន នៃភាពរីកចម្រើនវិស័យកីឡាអេឡិចត្រូនិកកម្ពុជា និងជាយុទ្ធសាស្រ្ត ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ លើកនេះ គឺការបង្កើនចំនួនកីឡាករជាតិឲ្យបានច្រើន និងបង្កើនសិទ្ធផលរបស់កីឡាករ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្តរជាតិនានា នាពេលខាងមុខ។

បន្ទាប់ពីរកឃើញកីឡាករ និងក្រុមទទួលបានជយលាភីប្រចាំការប្រកួតជើងឯកថ្នាក់ជាតិខាងលើ សហព័ន្ធក៏នឹងធ្វើការជ្រើសរើសកីឡាករល្អៗច្របាច់បញ្ចូលគ្នាទៅជាក្រុមជម្រើសជាតិ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ដុសខាតសមត្ថភាព ក្នុងការត្រៀមខ្លួនចូលរួមប្រកួតអន្តរជាតិ ទាំងកម្រិតអាស៊ាន និងអាស៊ី ដ្បិតឆ្នាំ២០២៦ នេះ នឹងមានការប្រកួតជាច្រើន តួយ៉ាងការប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន ក៏មានប្រភេទកីឡាអេឡិចត្រូនិកនេះផងដែរ។

ចំពោះលទ្ធផល នៃការប្រកួតកីឡាអេឡិចត្រូនិកជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ លើវិញ្ញាសាទាំង ៤ វិញ រួមមានវិញ្ញាសា eFootball Mobile កីឡាករ តាង វិសាល ទទួលបានពាន និងមេដាយមាស អមប្រាក់រង្វាន់ ២លានរៀល, កីឡាករ ថា ឆេងឡាយ ទទួលមេដាយប្រាក់ អមប្រាក់រង្វាន់ ១លាន ២សែនរៀល និងកីឡាករ វុទ្ធសិរី សម្បត្តិឧត្តម ទទួលបានមេដាយសំរឹទ្ធ អមប្រាក់រង្វាន់ ៨សែនរៀល។

វិញ្ញាសា eFootball Console កីឡាករ តាំង គីមស៊ុង ទទួលបានពាន និងមេដាយមាស អមប្រាក់រង្វាន់ ២លានរៀល, កីឡាករ ផាន វិសិទ្ធ ឈ្នះមេដាយប្រាក់ អមប្រាក់រង្វាន់ ១លាន ២សែនរៀល និងកីឡាករ សុខ ច័ន្ទឌីណា ឈ្នះមេដាយសំរឹទ្ធ អមប្រាក់រង្វាន់ ៨សែនរៀល។ វិញ្ញាសា Valorant ក្រុម Galaxy Reign ទទួលបានពាន និងមេដាយមាស អមប្រាក់រង្វាន់ ៦លានរៀល, ក្រុម Team CallMe ឈ្នះមេដាយប្រាក់ អមប្រាក់រង្វាន់ ៤លានរៀល និងក្រុម 24Kittens ឈ្នះមេដាយសំរឹទ្ធ អមប្រាក់រង្វាន់ ២លានរៀល។

ដោយឡែកវិញ្ញាសា Mobile Legends: Bang Bang គឺក្រុម Pro Esports ទទួលបានពាន និងមេដាយមាស អមប្រាក់រង្វាន់ ៦លានរៀលរៀល, ក្រុម Duck Rice esports ឈ្នះមេដាយប្រាក់ អមប្រាក់រង្វាន់ ៤លានរៀល និងក្រុម Valhalla ឈ្នះមេដាយសំរឹទ្ធ អមប្រាក់រង្វាន់ ២លានរៀល។ ជាមួយគ្នា សម្រាប់កីឡាករ និងក្រុមទទួលបានចំណាត់ថ្នាក់លេខ៤ ក៏ទទួលបានប្រាក់រង្វាន់លើទឹកចិត្តផងដែរ៕