Nvidia ចេញមុខបកស្រាយជុំវិញរឿងអាស្រូវ «តម្រូវឱ្យអតិថិជនចិនបង់លុយមុន ១០០%» ទើបលក់បន្ទះឈីប AI ឱ្យ
13-01-2026 11:30
(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់ពិភពលោក Nvidia បានចេញមុខច្រានចោលព័ត៌មានដែលថា ខ្លួនបានបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនបង់លុយសុទ្ធពេញចំនួនជាមុនសម្រាប់ការទិញបន្ទះឈីប AI ជំនាន់ថ្មី (H200)។ អ្នកនាំពាក្យ Nvidia បានបញ្ជាក់យ៉ាងច្បាស់តាមរយៈសារព័ត៌មាន Reuters ថា ក្រុមហ៊ុន «នឹងមិនដែលតម្រូវឱ្យអតិថិជនបង់ប្រាក់ លើផលិតផលដែលពួកគេមិនទាន់ទទួលបាននោះឡើយ»។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។
ការចេញមុខបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាមថា Nvidia បានដាក់លក្ខខណ្ឌតឹងរ៉ឹងខុសធម្មតាជាមួយអតិថិជនចិន ដោយសារបារម្ភពីរឿងនយោបាយរវាងអាមេរិក និងចិន។ ជាទូទៅ ការទិញដូរគ្រឿងបច្ចេកវិទ្យាកម្រិតខ្ពស់នេះ គេគ្រាន់តែបង់ប្រាក់កក់ខ្លះប៉ុណ្ណោះ ប៉ុន្តែព័ត៌មានចុងក្រោយបានចោទថា Nvidia ចង់ឱ្យអតិថិជនបង់លុយទាំងអស់តែម្តងមុននឹងដឹកទំនិញឱ្យ។
មូលហេតុដែលនាំឱ្យមានការរឹតបន្តឹងនេះ គឺដោយសារភាពមិនច្បាស់លាស់ពីខាងរដ្ឋាភិបាលចិន ថាតើនឹង «បើកភ្លើងខៀវ» ឱ្យមានការនាំចូលបន្ទះឈីបទាំងនោះឬយ៉ាងណា។ អ្នកវិភាគបានលើកឡើងថា ប្រសិនបើ Nvidia តម្រូវឱ្យបង់លុយមុនមែន នោះអ្នកដែលត្រូវដេកភ័យគឺខាងអតិថិជនចិន ព្រោះបើបង់លុយហើយតែរដ្ឋាភិបាលមិនឱ្យនាំចូល នោះពួកគេនឹងត្រូវខាតបង់ដើមទុនយ៉ាងសន្ធឹកសន្ធាប់។
ទោះជាយ៉ាងណា ការចេញមកអះអាងរបស់ Nvidia នៅពេលនេះ គឺជាការផ្ដល់ភាពជឿជាក់ដល់ដៃគូពាណិជ្ជកម្មថា ក្រុមហ៊ុននៅតែបន្តធ្វើការតាមគោលការណ៍ត្រឹមត្រូវ និងមិនមានបំណងទម្លាក់ហានិភ័យទៅលើអតិថិជននោះទេ បើទោះបីជាស្ថានភាពពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរនៅតែមានភាពរកាំរកូសក៏ដោយ៕













