លោក Trump ចាប់ដៃ Microsoft រកដំណោះស្រាយបញ្ចុះថ្លៃអគ្គិសនី កុំឱ្យប្រជាជនអាមេរិកជួយបង់ថ្លៃភ្លើងជំនួសក្រុមហ៊ុនបច្ចេកវិទ្យា

13-01-2026 13:28

(បរទេស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាសាធារណៈថា ក្រុមហ៊ុន Microsoft ត្រៀមនឹងធ្វើការកែសម្រួលប្រព័ន្ធការងារទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់កុំឱ្យតម្លៃអគ្គិសនីសម្រាប់ប្រជាពលរដ្ឋឡើងថ្លៃ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភថា ការប្រើប្រាស់ថាមពលដ៏មហិមារបស់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data Centers) ខ្នាតយក្ស កំពុងតែទាញតម្លៃអគ្គិសនីក្នុងស្រុកឱ្យហក់ឡើងខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។

លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ៗតាមរយៈបណ្តាញសង្គមថា លោក «មិនចង់ឃើញប្រជាជនអាមេរិកត្រូវបង់ថ្លៃអគ្គិសនីខ្ពស់ ដោយសារតែតម្រូវការថាមពលរបស់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនោះទេ»។ លោកបានបន្ថែមថា រដ្ឋបាលរបស់លោកកំពុងដាក់សម្ពាធ និងជជែកជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនទៀត ដើម្បីឱ្យពួកគេសន្យាថានឹងការពារផលប្រយោជន៍ និងកុំឱ្យប៉ះពាល់ដល់កាបូបលុយរបស់ប្រជាជន។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលផ្ទុកទិន្នន័យ គឺជាកន្លែងផ្ទុកម៉ាស៊ីនមេ (Servers) រាប់ម៉ឺនគ្រឿងដែលត្រូវការអគ្គិសនីខ្លាំងបំផុតដើម្បីដំណើរការ និងកាត់បន្ថយកម្ដៅ ដែលនេះជាមូលហេតុធ្វើឱ្យតម្រូវការថាមពលសរុបកើនឡើង។ បើតាមលោក ត្រាំ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀត នឹងត្រូវប្រកាសជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះ៕