ខ្សែការពារ Cancelo នឹងផ្លាស់មកលេងខ្ចីជើងនៅ Barcelona ម្តងទៀតរហូតចប់រដូវកាលនេះពី Al-Hilal

13-01-2026 14:38

(បរទេស)៖ កីឡាករអន្តរជាតិព័រទុយហ្គាល់ Joao Cancelo នឹងវិលត្រឡប់មកលេងនៅក្លឹប FC Barcelona លក្ខណៈខ្ចីជើងជាលើកទី២ ទៀតរហូតដល់ចប់រដូវកាលឆ្នាំ២០២៥-២៦ ពីក្លឹប Al-Hilal នៃប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ខ្សែការពារវ័យ ៣១ឆ្នាំរូបនេះ បានឆ្លងផុតនៃការពិនិត្យសុខភាពរួចរាល់ហើយកាលពីថ្ងៃចន្ទម្សិលមិញ មុនពេលត្រៀមប្រកាសផ្លូវការនាថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦។

នៅចាំបានថា Cancelo ធ្លាប់បានចំណាយពេល ១រដូវកាលនាឆ្នាំ២០២៣-២០២៤ តាមរយៈលេងខ្ចីជើងនៅ Camp Nou ពីក្លឹបអង់គ្លេស មេឃខៀវ Manchester City និងក៏ធ្លាប់ចំណាយពេល ៦ខែផងដែរ លេងខ្ចីជើងនៅក្លឹប Bayern Munich របស់អាល្លឺម៉ង់ទៀតផង។

ក្រោយមកទៀត Cancelo បានចាកចេញពីក្រុមរបស់ Pep Guardiola ជាអចិន្រ្ទៃក្រោមតម្លៃខ្លួនប្រមាណ ២១.២លានផោនផ្លាស់ទៅក្លឹប Al-Hilal លេងនៅក្របខណ្ឌ Saudi Pro League។

ការផ្លាស់មកលេងនៅទឹកដីអេស្ប៉ាញនេះដែរ Joao Cancelo ត្រៀមបង្ហាញខ្លួនពេល Barcelona ទើបប្រទះនឹង Racing de Santander ក្នុងកម្មវិធី Copa del Rey នៅរាត្រីថ្ងៃព្រហស្បតិ៍ មុនពេលជួបម្ចាស់ផ្ទះ Real Sociedad ក្នុងពានលីគ La Liga នាថ្ងៃអាទិត្យ៕