Barrios ដែលប្រកួតស្មើជាមួយ Pacquiao នឹងបន្តឡើងការពារខ្សែក្រវាត់ WBC ទល់នឹង Garcia ចុងខែកុម្ភៈ

13-01-2026 15:53

(បរទេស)៖ កីឡាករប្រដាល់សកលទម្ងន់មធ្យម Mario Barrios ដែលប្រកួតចុងក្រោយស្មើលទ្ធផលទល់នឹង Manny Pacquiao កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ នឹងបន្តឡើងការពារ WBC welterweight champion ជាបន្តទៀតជាមួយនឹង Ryan Garcia។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ការប្រកួតនេះដែរនឹងធ្វើឡើងនៅឯសង្វៀន T-Mobile Arena ស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។

Garcia វ័យ ២៧ឆ្នាំ ធ្លាប់ជាអតីតជើងឯក WBC lightweight ដោយប្រកួតចុងក្រោយបានចាញ់ Rolando Romero កាលខែឧសភា ឆ្នាំ២០២៥ និងពុំទាន់ឈ្នះការប្រកួតណាមួយឡើយ គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ មក។

កីឡាករអាមេរិករូបនេះធ្លាប់ត្រូវបានដកបញ្ឈរជើង ១ឆ្នាំផងដែរ ដោយសារតែលួចប្រើប្រាស់សារធាតុលើកកម្លាំងកាលឆ្នាំ២០២៤ បន្ទាប់ពីបានផ្តួល Devin Haney ដ្បិតជ័យជម្នះនេះត្រូវបានចាត់ទុកជាមោឃៈវិញ។

មុនការប្រកួតនាចុងខែក្រោយមកដល់ Garcia បានថ្លែងថា «ខ្ញុំនឹងក្លាយជាជើងឯកពិភពលោកនាថ្ងៃទី២១ ខែកុម្ភៈមិនខាន»

ចំណែកឯគូប្រជែង Barrios វ័យ ៣០ឆ្នាំវិញក៏បានឱ្យដឹងដែរថា «នេះគឺជាជំនួបធំ និងជាពេលវេលារបស់ខ្ញុំ។ ខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីបង្ហាញពិភពលោកថា ខ្សែក្រវាត់ WBC ពិតជាស័ក្តិសមនៅជាមួយខ្ញុំយ៉ាងប្រាកដ»

ជាការកត់សម្គាល់ផងដែរ Barrios បានវិវត្តន៍ខ្លួនក្លាយជាម្ចាស់ខ្សែក្រវាត់ WBC ពេញសិទ្ធិតែម្តងកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤ និងបានឡើងការពារ ២លើកដោយជោគជ័យ តាមរយៈស្មើជាមួយនឹងជើងខ្លាំងហ្វីលីពីន PacMan ទៀតផង ជាមួយនឹងកំណត់ត្រាឈ្នះ ២៩លើក ក្នុងចំណោម ៣៣ប្រកួតសរុប ដោយធ្លាប់ផ្តួលដៃគូសន្លប់បាន ១៨លើកទៀតផងដែរ៕