Google បោះជំហានធំ៖ ត្រៀមផលិតទូរស័ព្ទ Pixel លំដាប់ខ្ពស់នៅវៀតណាមក្នុងឆ្នាំនេះ

14-01-2026 08:59

(បរទេស)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនយក្ស Google បានសម្រេចចិត្តជ្រើសរើសប្រទេសវៀតណាម ជាទីតាំងថ្មីសម្រាប់អភិវឌ្ឍ និងផលិតស្មាតហ្វូនលំដាប់ខ្ពស់ (High-end) របស់ខ្លួនចាប់ពីឆ្នាំនេះតទៅ។ ការផ្លាស់ប្តូរនេះ បង្ហាញពីមហិច្ឆតារបស់ Google ក្នុងការពង្រីកផលិតកម្មក្រៅពីប្រទេសចិន។ នេះបើយោងតាមការ​ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។

ប្រភពដដែលបានឱ្យដឹងថា Google នឹងចាប់ផ្តើមដំណើរការ «ណែនាំផលិតផលថ្មី» (NPI) សម្រាប់ស្មាតហ្វូនម៉ូដែលកំពូលៗរួមមាន Pixel, Pixel Pro និងទូរស័ព្ទបត់ Pixel Fold នៅក្នុងប្រទេសវៀតណាមតែម្តង។ នេះគឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យបច្ចេកវិទ្យានៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង។

ដោយឡែក សម្រាប់ការផលិតទូរស័ព្ទស៊េរីធូរថ្លៃ Pixel A series វិញ Nikkei Asia បានបញ្ជាក់ថា «ការអភិវឌ្ឍនឹងនៅបន្តធ្វើនៅក្នុងប្រទេសចិនសម្រាប់ពេលបច្ចុប្បន្ន»។ ទោះជាយ៉ាងណា ភ្នាក់ងារព័ត៌មាន Reuters ក៏បានបញ្ជាក់ដែរថា ខ្លួន «មិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះបានភ្លាមៗនៅឡើយទេ» នៅពេលព័ត៌មាននេះចេញផ្សាយដំបូង។

គូសបញ្ជាក់ថា ការសម្រេចចិត្តរបស់ Google ក្នុងការនាំយកបច្ចេកវិទ្យាផលិតទូរស័ព្ទលំដាប់ខ្ពស់ទៅកាន់វៀតណាម គឺជាយុទ្ធសាស្ត្រថ្មីមួយដើម្បីធានាដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលឱ្យកាន់តែមានស្ថេរភាព និងកាត់បន្ថយហានិភ័យផ្សេងៗពីការពឹងផ្អែកលើប្រភពផលិតតែមួយ៕