VAR ធ្វើឱ្យការប្រកួតបញ្ចប់ដោយភាពហ្មងសៅ នៅពេលបដិសេធគ្រាប់បាល់របស់ Semenyo ទល់នឹង Newcastle

14-01-2026 10:43

(បរទេស)៖ Manchester City បានយកឈ្នះក្រុមការពារជើងឯក Newcastle United ២-០ ក្នុងជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup 2025-26 នៅពេលប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល VAR បានបដិសេធគ្រាប់ទី២ របស់ Antoine Semenyo ដ៏ចម្រូងចម្រាសបំផុត។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករតម្លៃខ្លួន ៦៥លានផោនដែល City ទើបទិញចូលនាខែមករានេះ រកបានគ្រាប់នាំមុខនៅនាទី៥៣ មុនពេលបន្ថែមគ្រាប់ទី២ នៅប្រមាណ ១០នាទីបន្ទាប់ នៅពេលទទួលបាល់ដែលបញ្ជូនដោយ Tijjani Reijnders។

ទោះជាយ៉ាងណា គ្រាប់ទី៣ ក្នុងចំណោម ២ប្រកួតរបស់ខ្សែប្រយុទ្ធរូបនេះត្រូវបាន VAR បដិសេធ ក្រោយការពិនិត្យផ្ទៀងផ្ទាត់ចំណាយពេលដល់ទៅ ៥នាទីកន្លះដោយបានរកឃើញថា Erling Haaland បានស្ថិតក្នុងតំបន់ offside។

Semenyo សមាជិកថ្មីដែល City ទើបទិញចូលពីក្លឹបរួមលីគ AFC Bournemouth បានថ្លែងក្រោយចប់ការប្រកួតថា «គ្រាប់បាល់ទី២ របស់ខ្ញុំគួរតែត្រូវបានផ្តល់ឱ្យ»

អាជ្ញាកណ្តាល Chris Kavanagh បានពិនិត្យជាច្រើនលើកច្រើនសារ មុនពេលប្រកាសពីការសម្រេចចិត្តមិនផ្តល់បាល់ចូលទីក្នុងកីឡដ្ឋាន St. James’ Park របស់សារិកាព្រៃ Newcatle។

ថ្លែងទៅកាន់ Sky Sports ក្រោយចប់ការប្រកួត លោក Pep Guardiola អ្នកចាត់ការទូទៅ City បានឱ្យដឹងថា «ការបដិសេធបាល់ចូលទីនេះ គឺនឹងរឹតតែធ្វើឱ្យក្រុមរបស់លោកខ្លាំងឡើងថែមទៀត»

ការប្រកួតទាំងស្រុងបានបន្តរហូតដល់ចុងម៉ោង ទើបមានគ្រាប់ទី២ កើតឡើងពីការធ្វើបានសម្រេចរបស់កីឡាករ Rayan Cherki ដ្បិតជើងទី២ ត្រូវលេងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅកីឡដ្ឋាន Etihad របស់មេឃខៀវវិញម្តង៕