កម្មវិធីប្រឡងចម្រៀងរ៉េប «Cambo Rapper» រើសបានបេក្ខជនចំនួន៤០នាក់ ឆ្លងទៅវគ្គ «United» ដើម្បីប្រកួតប្រជែងរកជើងខ្លាំងបន្ត
14-01-2026 13:16
(ភ្នំពេញ)៖ កម្មវិធីប្រឡងរ៉េប Cambo Rapper បានឈានមកដល់សប្តាហ៍ទី៨ ឬវគ្គ United ហើយ ដោយវគ្គនេះបង្ហាញពីការសាមគ្គី ការអត់ធ្មត់ និងធ្វើការងារជាក្រុមរបស់បេក្ខជន។
ពីមួយវគ្គទៅមួយវគ្គការប្រឡងចម្រៀងរ៉េប Cambo Rapper កាន់តែអស្ចារ្យ និងរន្ធត់អារម្មណ៍ពីព្រោះបេក្ខភាពម្នាក់ៗសុទ្ធតែខ្លាំងៗ និងមានទេពកោលស្យ ដែលធ្វើឱ្យគ្រូបង្វឹកពិបាកនៅក្នុងការសម្រេចចិត្តថា តើនរណានឹងត្រូវទៅ នរណាត្រូវនៅបន្ត?
សម្រាប់ក្នុងវគ្គ United គឺមានចំនួន ៣សប្តាហ៍ ដោយមានបេក្ខជន ៤០នាក់ ចូលរួមប្រកួតប្រជែង និងជម្រុះយកតែ ២០នាក់ប៉ុណ្ណោះ ដើម្បីឆ្លងទៅវគ្គបន្ទាប់។ ក្នុង Coach ម្នាក់ៗបានបែងចែកជា ៣ក្រុម ដោយសប្តាហ៍ទី១ មានបេក្ខភាពចំនួន ៣ក្រុម ក្នុងនោះបេក្ខភាពចំនួន ១០នាក់ត្រូវឡើងមកប្រឡង។ ចំណែកនៅក្នុងសប្តាហ៍ទី២ មានបេក្ខភាពចំនួន ៦ក្រុម និងមានបេក្ខភាពចំនួន ២០នាក់ត្រូវឡើងមកប្រឡង
ដោយឡែកនៅសប្តាហ៍ទី៨ មានបេក្ខភាពចំនួន ៣ក្រុម និងមានបេក្ខភាពចំនួន១០នាក់ ត្រូវឡើងមកប្រឡង។
រីឯវិញ្ញាសារនៅក្នុងការប្រកួតវគ្គ United នេះ គឺ Secret Coach ជាអ្នកចាប់ក្រុម និងបែងចែកជា ៣ក្រុម មានគ្នា ៣ទៅ ៤នាក់ ដោយក្នុងក្រុមនីមួយៗត្រូវធ្វើការជាក្រុម ដោយសហការគ្នា និងរស់នៅជាមួយគ្នា។ ក្នុងការដាក់ពិន្ទុវិញបេក្ខភាពទាំងអស់គឺ Coach ជាអ្នកដាក់ពន្ទុដោយផ្ទាល់។ វគ្គ United នេះផងដែរ គឺតម្រូវឱ្យ Coach ជម្រុះកូនក្រុមចំនួន ៥នាក់ ក្នុងមួយក្រុមៗ ។
អ្វីដែលកាន់តែពិសេសនៅក្នុងវគ្គ United នេះ គឺ Coach ទាំង ៤នាក់ អាចប្រើកាតមាសរបស់ខ្លួន ក្នុងលក្ខណៈពិសេសមួយ ដោយអាចសង្រ្គោះបេក្ខជនពី Coach ផ្សេងបាន ដោយកាតនោះតម្រូវឱ្យ Coach ប្រើប្រាស់បានតែម្តងប៉ុណ្ណោះក្នុងកម្មវិធី។
តើបេក្ខជនរូបណាដែលមានសំណាងត្រូវបាន Coach ជួយសង្រ្គោះ? ហើយបេក្ខជនរូបណានឹងមានសំណាងទៅវគ្គបន្ត ? ដូច្នេះមានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នា ក្នុងការប្រឡងចម្រៀងរ៉េប Cambo Rapper៕













