Itauma របួស នាំឱ្យគូប្រជែង Franklin ត្រូវរង់ចាំប្រកួតដល់ខែមីនា ឆ្នាំ២០២៦
14-01-2026 13:46
(បរទេស)៖ ជំនួបរវាងអ្នកប្រដាល់ទម្ងន់ធ្ងន់ Moses Itauma និង Jermaine Flanklin ត្រូវបានលើកពេលទៅខែមីនា ឆ្នាំ២០២៦ វិញ ក៏ព្រោះកីឡាករអង់គ្លេសខាងលើបានរងរបួសក្នុងពេលអំឡុងហ្វឹកហាត់។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ដំបូងឡើយជំនួបធំនេះនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅឯសង្វៀន Manchester’s Co-Op Live Arena និងបន្តប្រកួតនៅទីនេះដដែល ក៏ប៉ុន្តែត្រូវបានពន្យារពេលទៅថ្ងៃទី២៨ ខែមីនាវិញ។
Itauma បានបង្កើនភាពខ្លាំងរបស់ខ្លួន និងក្លាយជាគូប្រជែងដ៏ធំផងដែរក្នុងយុគសម័យនេះ តាមរយៈផ្តួលជើងខ្លាំង Dillian Whyte ឱ្យសន្លប់កាលពីអំឡុងខែសីហា ឆ្នាំ២០២៥ ដោយកីឡាករវ័យទើបតែ ២១ឆ្នាំរូបនេះ បានបន្លាយកំណត់ត្រា ១៣ប្រកួតមិនចាញ់ឡើយ ដ្បិតគូប្រជែងវ័យ ៣២ឆ្នាំ Franklin ធ្លាប់ឈ្នះ ២៤លើក និងចាញ់ ២លើក។
អ្នកផ្គូផ្គង Queensberry នៃគូនេះបានថ្លែងថា «សំណាងមិនល្អ Itauma បានរងរបួស នៅពេលកំពុងហ្វឹកហាត់ក្នុងជំរំ ដែលត្រូវលើកពេលទៅប្រកួតនៅចុងខែមីនាវិញ»៕



