ម៉ាឡេស៊ីត្រៀមប្តឹងក្រុមហ៊ុន X របស់ Elon Musk ជុំវិញរឿងប្រើ AI បង្កើតរូបភាពអាសអាភាស

14-01-2026 15:27

(បរទេស)៖ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសព្រមានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងប្រឆាំងនឹងបណ្តាញសង្គម X (អតីត Twitter) បន្ទាប់ពីរកឃើញថា ប្រព័ន្ធបញ្ញាសិប្បនិម្មិត Grok AI របស់ក្រុមហ៊ុននេះ ត្រូវបានគេប្រើប្រាស់ដើម្បីបង្កើតរូបភាពអាសអាភាស និងរូបភាពកាត់ត (Deepfakes) ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សីលធម៌សង្គម។ វិធានការនេះកើតឡើងបន្ទាប់ពីម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានសម្រេចបិទការប្រើប្រាស់ Grok ជាបណ្តោះអាសន្នកាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។

គណៈកម្មាធិការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី (MCMC) បានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះរូបភាពដែលមិនសមរម្យ ដែលត្រូវបានបង្កើតឡើងដោយគ្មានការយល់ព្រម ជាពិសេសរូបភាពដែលប៉ះពាល់ដល់ស្ត្រី និងកុមារ។ ស្ថាប័ននេះបានបញ្ជាក់យ៉ាងដាច់អហង្ការថា៖ «មាតិកាដែលជាប់ពាក់ព័ន្ធនឹងស្ត្រី និងអនីតិជន គឺជាក្តីបារម្ភដ៏ធ្ងន់ធ្ងរ។ ទង្វើបែបនេះគឺផ្ទុយនឹងច្បាប់របស់ម៉ាឡេស៊ី និងបំផ្លាញការប្តេជ្ញាចិត្តផ្នែកសុវត្ថិភាពដែលក្រុមហ៊ុនបានសន្យា»។ បើទោះបីជាមានការព្រមានឱ្យលុបមាតិកាគ្រោះថ្នាក់ទាំងនោះក៏ដោយ ក៏ក្រុមហ៊ុន X នៅតែមិនទាន់មានចំណាត់ការឆ្លើយតបនៅឡើយ។

មិនមែនមានតែម៉ាឡេស៊ីទេ សូម្បីតែមហាអំណាចអឺរ៉ុបដូចជា ចក្រភពអង់គ្លេស និងបារាំង ក៏កំពុងបើកការស៊ើបអង្កេតលើក្រុមហ៊ុនរបស់លោក Elon Musk នេះដែរ។ នៅពេលដែលអ្នកកាសែតសាកសួរអំពីបញ្ហានេះ ខាងក្រុមហ៊ុន xAI របស់លោក Musk បានឆ្លើយតបតាមអ៊ីមែលយ៉ាងខ្លីបែបឌឺដងវិញថា៖ «ប្រព័ន្ធផ្សព្វផ្សាយចាស់ៗ កំពុងតែភូតកុហក (Legacy Media Lies)»

គួររំលឹកថា ប្រទេសម៉ាឡេស៊ីមានច្បាប់អនឡាញតឹងរ៉ឹងបំផុត ចំពោះមាតិកាណាដែលពាក់ព័ន្ធនឹងរូបភាពអាសអាភាស ល្បែងស៊ីសង និងការប្រមាថដល់សាសនា ឬរាជវង្ស។ ការប្រឈមមុខដាក់គ្នារវាងម៉ាឡេស៊ី និងមហាសេដ្ឋី Elon Musk លើកនេះ កំពុងក្លាយជាចំណុចចាប់អារម្មណ៍ថ្មីមួយជុំវិញការគ្រប់គ្រងបច្ចេកវិទ្យា AI ដែលកំពុងរីកចម្រើនយ៉ាងរហ័ស ប៉ុន្តែក៏បង្កគ្រោះថ្នាក់ដល់សង្គមផងដែរ ប្រសិនបើគ្មានការគ្រប់គ្រងត្រឹមត្រូវ៕