រដ្ឋាភិបាលកាបុង ដកបម្រាមពីក្រុមជម្រើសជាតិ ជាពិសេសខ្សែប្រយុទ្ធ Aubameyang តែម្តង

14-01-2026 16:50

(បរទេស)៖ រដ្ឋាភិបាលនៃប្រទេសកាបុង បានសម្រេចដកទណ្ឌកម្មពីក្រុមបាល់ទាត់ជម្រើសជាតិ និងកីឡាករខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ចេញវិញហើយ បន្ទាប់ពីដាក់លើពួកគេ ដោយសារជ្រុះចេញពីកម្មវិធី Africa Cup of Nations 2025 ដ៏លឿនបំផុត។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា លោក Simplice-Desire Mamboula រដ្ឋមន្រ្តីកីឡាកាបុង បានខឹងសម្បារចំពោះទម្រង់លេងជុំចុងក្រោយពានប្រចាំទ្វីបអាហ្រ្វិក នៅពេលពួកគេបានបញ្ចប់នៅបាតតារាងប្រចាំពូល F ក្រោយលេង ៣ប្រកួតដែលមានម៉ារ៉ុកធ្វើម្ចាស់ផ្ទះ។

ចំពោះលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលនេះ នាំឱ្យលោក Mamboula បានប្រកាសដកបញ្ឈរជើងពួកគេជាបណ្តោះអាសន្ន និងដកគ្រូបង្វឹក Thierry Mouyouma ចេញពីតំណែងភ្លាមៗទៀតផងចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ មក។

ក៏ប៉ុន្តែក្រោយមក រដ្ឋាភិបាលកាបុងបានប្រកាសពីការដកបម្រាមនេះវិញ តាមរយៈសហព័ន្ធ ក្រោយពីមានការសម្របសម្រួលពីសហព័ន្ធ FIFA។

ក្នុងច្បាប់ដែលបានចែងដោយ FIFA គឺប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយពីរដ្ឋាភិបាលដែលលូកលាន់ចូល កិច្ចការបាល់ទាត់ ក្រៅតែពីសហព័ន្ធសាម៉ី៕