របកគំហើញថ្មីដ៏អស្ចារ្យ! អ្នកវិទ្យាសាស្ត្រអាមេរិកជោគជ័យក្នុងការបណ្តុះ «ឆ្អឹងខ្ចីជង្គង់» ឡើងវិញដោយមិនបាច់វះកាត់

14-01-2026 19:21

(បរទេស)៖ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Northwestern (Northwestern University) បានប្រកាសពីជោគជ័យដ៏ធំធេងមួយក្នុងវិស័យវេជ្ជសាស្ត្រ បន្ទាប់ពីបានបង្កើត «សម្ភារៈជីវសកម្ម ឬ New Biomaterial » ដែលមានសមត្ថភាពអាចបណ្តុះឆ្អឹងខ្ចីជង្គង់ដែលខូចខាតឱ្យដុះមកវិញនូវកោសិកាដែលមានគុណភាពខ្ពស់បំផុត ត្រឹមរយៈពេល ៦ ខែប៉ុណ្ណោះ។

យោងតាមការចុះផ្សាយនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រដ៏ល្បីល្បាញ PNAS និងគេហទំព័រព័ត៌មានផ្លូវការរបស់សាកលវិទ្យាល័យកាលពីខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ លោកសាស្ត្រាចារ្យ Samuel Stupp ដឹកនាំក្រុមអ្នកវិទ្យាសាស្ត្រ បានពិសោធន៍ជោគជ័យលើសត្វចៀម (ដែលជាសត្វមានរចនាសម្ព័ន្ធជង្គង់ និងទម្ងន់ប្រហាក់ប្រហែលនឹងមនុស្ស)។

របកគំហើញនេះមិនមែនជាការដាក់ដែក ឬវះកាត់ប្តូរជង្គង់នោះទេ ប៉ុន្តែគឺជាការប្រើប្រាស់បច្ចេកវិទ្យា «Dancing Molecules ឬ ម៉ូលេគុលរស់រវើក» ដែលមានសណ្ឋានជា «ជែល ឬ Gooey material»។ នៅពេលគ្រូពេទ្យចាក់ជែលនេះចូលទៅក្នុងសន្លាក់ដែលសឹក វានឹងបង្កើតជា «គ្រោងឆ្អឹងសិប្បនិម្មិត ឬ Scaffold » តូចៗបំផុតក្នុងកម្រិតណាណូម៉ែត្រ។ ម៉ូលេគុលទាំងនោះនឹង «ធ្វើរំញ័រ ឬមានចលនា» យ៉ាងរហ័សដើម្បីផ្ញើសញ្ញាទៅកាន់កោសិកាក្នុងរាងកាយ ឱ្យចាប់ផ្តើមដំណើរការបណ្តុះឆ្អឹងខ្ចីប្រភេទ Hyaline Cartilage (ដែលជាប្រភេទឆ្អឹងខ្ចីធម្មជាតិដ៏ល្អបំផុត និងពិបាកដុះឡើងវិញបំផុត)។

នៅក្នុងការសាកល្បងលើសត្វចៀម ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ត្រឹមរយៈពេល ៦ ខែ ឆ្អឹងខ្ចីថ្មីបានដុះមកបំពេញកន្លែងដែលខូចខាតទាំងស្រុង។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ សារធាតុជែលដែលចាក់បញ្ចូលនោះ នឹងរលាយបាត់ទៅវិញដោយឯកឯង (Biodegradable) បន្ទាប់ពីវាបានបំពេញតួនាទីជួយបណ្តុះឆ្អឹងខ្ចីរួចរាល់ ដោយបន្សល់ទុកនូវជង្គង់ធម្មជាតិដ៏រឹងមាំ។

លោកសាស្ត្រាចារ្យ Samuel Stupp បានបញ្ជាក់ថា៖ «បញ្ហាធំរបស់មនុស្សពេញវ័យ គឺឆ្អឹងខ្ចីមិនអាចដុះឡើងវិញដោយខ្លួនឯងបានទេនៅពេលវាសឹក។ វិធីសាស្ត្រថ្មីរបស់យើង នឹងជួយដោះស្រាយបញ្ហាឈឺសន្លាក់ជង្គង់បានយូរអង្វែង និងជួយឱ្យអ្នកជំងឺជៀសផុតពីការវះកាត់ធំៗដែលត្រូវដូរដាក់ជង្គង់ដែកសិប្បនិម្មិត»។

បច្ចេកវិទ្យានេះ ត្រូវបានគេរំពឹងថានឹងក្លាយជាដំណោះស្រាយដ៏ធំសម្រាប់ អ្នកមានបញ្ហាសឹកសន្លាក់ជង្គង់តាមវ័យ (Osteoarthritis) និងអ្នករបួសដោយសារការលេងកីឡា (ដូចជាដាច់សរសៃពួរ ACL)។

បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ត្រកំពុងរៀបចំឈានទៅរកការសាកល្បងលើមនុស្សក្នុងដំណាក់កាលបន្ទាប់ ដែលនេះនឹងក្លាយជាបដិវត្តន៍ថ្មីមួយក្នុងការថែទាំសុខភាពឆ្អឹង និងសន្លាក់នៅទូទាំងពិភពលោក៕