លែងឱ្យទិញដាច់ហើយ! Tesla នឹងតម្រូវឱ្យម្ចាស់រថយន្តបង់លុយប្រចាំខែ បើចង់ប្រើប្រព័ន្ធបើកបរស្វ័យប្រវត្តិ FSD
15-01-2026 10:18
(បរទេស)៖ មហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានប្រកាសថា ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះតទៅ កម្មវិធីបើកបរដោយខ្លួនឯងដ៏ល្បីល្បាញ (Full Self-Driving - FSD) នឹងមិនមានដាក់លក់ជាកញ្ចប់ «ទិញដាច់» ទៀតឡើយ ពោលគឺអតិថិជនត្រូវប្តូរមកប្រើប្រាស់តាមរយៈការបង់ថ្លៃសេវាប្រចាំខែវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។
ការសម្រេចចិត្តនេះមានន័យថា ម្ចាស់រថយន្ត Tesla លែងមានជម្រើសចំណាយលុយ ៨,០០០ ដុល្លារដើម្បីទិញកម្មវិធីនេះយកទៅប្រើរហូតនោះទេ ប៉ុន្តែត្រូវបង់ប្រាក់ ៩៩ ដុល្លារជារៀងរាល់ខែជំនួសវិញ។ យុទ្ធសាស្ត្រថ្មីនេះត្រូវបានគេមើលឃើញថា ជាការកាត់បន្ថយបន្ទុកចំណាយដំបូងរបស់អតិថិជន ដើម្បីទាក់ទាញឱ្យមនុស្សកាន់តែច្រើនងាកមកសាកល្បងបច្ចេកវិទ្យានេះ។
ទោះបីជាកម្មវិធីនេះមានឈ្មោះថា «បើកបរដោយខ្លួនឯង» ក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន Tesla នៅតែរំលឹកអ្នកប្រើប្រាស់ថា វានៅត្រឹមតែជា «ប្រព័ន្ធជំនួយ» ប៉ុណ្ណោះ។ ក្រុមហ៊ុនបានបន្ថែមពាក្យថា Supervised (មានការត្រួតពិនិត្យ) ដើម្បីបញ្ជាក់ច្បាស់ៗថា អ្នកបើកបរត្រូវតែនៅបន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈបញ្ជាចង្កូតភ្លាមៗក្នុងករណីចាំបាច់ ព្រោះវាមិនទាន់អាចបើកបរដោយគ្មានមនុស្សមើលការខុសត្រូវទាំងស្រុង ១០០% បានឡើយ។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះធ្វើឡើងស្របពេលដែលអាជ្ញាធរសុវត្ថិភាពចរាចរណ៍អាមេរិក (NHTSA) កំពុងស៊ើបអង្កេតយ៉ាងដិតដល់លើរថយន្ត Tesla ជិត ៣ លានគ្រឿង បន្ទាប់ពីមានរបាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍មួយចំនួន។ បច្ចុប្បន្ន ប្រព័ន្ធ FSD របស់ Tesla ត្រូវបានគេទទួលស្គាល់ថាមានសមត្ថភាពខ្ពស់ អាចជួយរថយន្តប្តូរគន្លងផ្លូវ និងគោរពសញ្ញាចរាចរណ៍នៅលើផ្លូវក្នុងក្រុងបានយ៉ាងវៃឆ្លាតបំផុត៕













