ម្ចាស់ផ្ទះម៉ារ៉ុក ផ្តួលនីហ្សេរីយ៉ា ឡើងផ្តាច់ព្រ័ត្រប៉ះសេណេហ្គាល់ ដណ្តើមពាន Afcon 2025
15-01-2026 10:22
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក បានឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានជើងឯកប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2025 ដោយត្រូវប៉ះសេណេហ្គាល់ ក្រោយទម្លាក់នីហ្សេរីយ៉ា ៤-២ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីយប់មិញ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ម៉ារ៉ុកបានទម្លាក់គូប្រជែងនីហ្សេរីយ៉ាដោយភាពតានតឹងបំផុត ពីការលេង ១២០នាទីស្មើគ្នា ០-០ ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងនៅទីក្រុង Rabat។
កីឡាករ Youssef En-Nesyri ជាអ្នកទាត់សម្រេចទីគ្រាប់ទី៤ ពីកែងខាងឆ្វេង បន្ទាប់ពីកីឡាករចាំទី Yassine Bounou បានសង្រ្គោះបាល់ ២គ្រាប់ចេញពីជើង Samuel Chukwueze និង Bruno Onyemaechi ក្នុងវគ្គទាត់ប៉េណាល់ទីកាត់សេចក្តី។
Brahim Diaz ម្ចាស់គ្រាប់បាល់ច្រើនជាងគេក្នុងកម្មវិធី ២ឆ្នាំម្តងនេះ បានបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅពេលចាប់ផ្តើមដំបូង សហការគ្នាជាមួយខ្សែបម្រើស្លាប Achraf Hakimi គ្រាដែលតារារបស់នីហ្សេរីយ៉ា Victor Osimhen និង Ademola Lookman មានទម្រង់លេងដ៏ល្អដែរ ក្នុងនាមជាក្រុមភ្ញៀវ។
តាមរយៈលទ្ធផលជ័យជម្នះនេះដែរ បានញាំងឱ្យក្រុមរបស់លោក Walid Regragui បានឈានទៅវគ្គផ្តាច់ព្រ័ត្រ Afcon ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០០៤ និងព្យាយាមឈ្នះពាននេះជាលើកដំបូងផងដែរ ក្រោយខកខានតាំងពីឆ្នាំ១៩៧៦។
ក្រុមរហស្សនាម Atlas Lions មួយនេះ នឹងបន្តឈរជើងនៅរដ្ឋធានីជាបន្តនៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដែលត្រូវប្រឈមមុខនឹងសេណេហ្គាល់ដែលបានយកឈ្នះអេហ្ស៊ីប ១-០ កាលពីរាត្រីថ្ងៃពុធ៕






