Bayern បង្តើតប្រវត្តិសាស្រ្តថ្មីនៅលីគអាល្លឺម៉ង់ ក្រោយឈ្នះម្ចាស់ផ្ទះ Cologne នៅថ្ងៃបិទបញ្ចប់ជើងទី១

15-01-2026 10:23

(ម៉ូនិច)៖ Bayern Munich បានបំបែកកំណត់ត្រាថ្មីនៅ Bundesliga របស់អាល្លឺម៉ង់ តាមរយៈរកបាន ៤៧ពិន្ទុនៅថ្ងៃបិទបញ្ចប់ជើងទី១ ក្រោយផ្តួលម្ចាស់ផ្ទះ FC Cologne ៣-១ នៅរាត្រីថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ទន្ទឺមគ្នានោះក្រុមដែលដឹកដោយអ្នកចាត់ការសញ្ជាតិប៊ែលហ្សិក Vincent Kompany ក៏បានបន្លាយកំណត់ត្រាលេងមិនចាញ់កើនដល់ ១៧ប្រកួតទៀតផងនៅលីគកំពូលអាល្លឺម៉ង់រដូវកាលឆ្នាំ២០២៥-២៦ នេះដែរ។

ឆ្លងតាម ១៧ប្រកួត ក្នុងនោះធ្លាប់ស្មើ ២លើក ដោយរកបាន ៤៧ពិន្ទុស្មើគ្នាទៅនឹងស្ថិតិចាស់នារដូវកាល ២០១៣-១៤ ប៉ុន្តែខុសគ្នាត្រង់គ្រាប់ចំណេញប៉ុណ្ណោះ ដ្បិតក្រុម Bayer Leverkusen ធ្លាប់ធ្វើបាន ៤៥ពិន្ទុនៅពេលបិទបញ្ចប់ជើងទី១ នៃរដូវកាល ២០២៣-២៤ ដែលស្ថិតក្រោមការបង្វឹកដោយលោក Xabi Alonso ដោយដណ្តើមបានជើងឯក Bundesliga។

ក្រុមការពារជើងឯក Bayern Munich បានបំប៉ោងសំណាញ់ទីគូប្រកួតដល់ទៅ ៦៦គ្រាប់នៅពាក់កណ្តាលផ្លូវ និងលើស ២២គ្រាប់ឯណោះ បើធៀបនឹងរដូវកាល ២០១៣-១៤ នៅពេលគ្រូបង្វឹក Pep Guardiola នៅដឹកនាំកាលពី ១២ឆ្នាំមុន ស្ថិតក្នុង ៤៧ពិន្ទុដូចគ្នា៕