OpenAI ចាយលុយ ១០ពាន់លានដុល្លារបន្ថែមទៀត ដើម្បីធ្វើឱ្យ ChatGPT ឆ្លើយតបលឿនដូចផ្លេកបន្ទោរ
15-01-2026 11:52
(បរទេស)៖ ក្រុមហ៊ុន OpenAI ដែលជាម្ចាស់ ChatGPT ដ៏ល្បីល្បាញ បានសម្រេចកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រតម្លៃជាង ១០ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនផលិតបន្ទះឈីប Cerebras ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធកុំព្យូទ័ររបស់ខ្លួន។ កិច្ចព្រមព្រៀងរយៈពេល ៣ ឆ្នាំនេះ មានគោលបំណងបង្កើនសមត្ថភាពកុំព្យូទ័ររហូតដល់ ៧៥០ មេហ្គាវ៉ាត់ ដើម្បីជួយឱ្យប្រព័ន្ធ AI របស់ខ្លួនអាចដំណើរការបានកាន់តែរហ័ស និងឆ្លើយតបបានទាន់ចិត្តស្របតាមតម្រូវការអ្នកប្រើប្រាស់ដែលកំពុងកើនឡើងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។
ការសម្រេចចិត្តងាកមកប្រើប្រាស់សេវាកម្មរបស់ Cerebras ដែលជាគូប្រជែងលំដាប់បង្គោលរបស់ Nvidia គឺជាយុទ្ធសាស្ត្រថ្មីមួយដើម្បីធ្វើឱ្យ AI ឆ្លាតវៃជាងមុន និងរហ័សជាងមុន។ OpenAI បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា៖ «ការបញ្ចូល Cerebras ទៅក្នុងដំណោះស្រាយកុំព្យូទ័ររបស់យើង គឺដើម្បីធ្វើឱ្យ AI ឆ្លើយតបបានលឿនជាងមុន»។ បច្ចេកវិទ្យាថ្មីនេះនឹងត្រូវដាក់ឱ្យដំណើរការជាបន្តបន្ទាប់រហូតដល់ឆ្នាំ ២០២៨ ដើម្បីធានាថា ChatGPT នៅតែជាអ្នកនាំមុខគេក្នុងសមរភូមិបច្ចេកវិទ្យា AI។
មហិច្ឆតារបស់ OpenAI មិនត្រឹមតែឈប់ត្រឹមការអភិវឌ្ឍកម្មវិធីនោះទេ ប៉ុន្តែគឺការបង្កើតអាណាចក្របច្ចេកវិទ្យាដ៏ធំធេង។ លោក Sam Altman នាយកប្រតិបត្តិ OpenAI កាលពីឆ្នាំមុនបានបង្ហើបពីផែនការចំណាយប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ ដើម្បីបង្កើតធនធានកុំព្យូទ័រដែលអាចផ្គត់ផ្គង់ថាមពលដល់ផ្ទះប្រជាជនអាមេរិក ២៥ លានខ្នង។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏កំពុងរៀបចំខ្លួនចូលទីផ្សារហ៊ុន (IPO) ដែលអាចធ្វើឱ្យតម្លៃខ្លួនក្រុមហ៊ុនឡើងដល់ទៅ ១ ទ្រីលានដុល្លារផងដែរ។
ទោះជាយ៉ាងណា ការបោះទុនរាប់ពាន់លានដុល្លារឥតឈប់ឈរនេះ ក៏កំពុងធ្វើឱ្យអ្នកជំនាញមួយចំនួនមានការព្រួយបារម្ភផងដែរ។ វិនិយោគិនមួយចំនួនបានព្រមានថា វិស័យ AI អាចនឹងក្លាយទៅជា «ពពុះសេដ្ឋកិច្ច (Bubble)» ដែលមានន័យថាវាអាចនឹងដួលរលំទៅវិញដូចសម័យកាល Dotcom ប្រសិនបើការចំណាយដ៏សន្ធឹកសន្ធាប់ទាំងនេះ មិនអាចបង្កើតផលចំណេញមកវិញបានដូចការរំពឹងទុកនោះទេ៕










