របាយការណ៍៖ យុវវ័យជាង ៧០% កំពុងចាត់ទុក AI ជាមិត្តភក្តិជិតស្និទ្ធ (Best Friends) និងជាទីប្រឹក្សាផ្លូវចិត្ត
15-01-2026 12:46
(បរទេស)៖ នៅដើមឆ្នាំ ២០២៦ នេះ បដិវត្តន៍សង្គមដ៏ស្ងប់ស្ងាត់មួយកំពុងកើតឡើងយ៉ាងពិតប្រាកដនៅក្នុងស្មាតហ្វូនរបស់យើង។ ទិន្នន័យចុងក្រោយបានបង្ហាញថា យុវវ័យរហូតដល់ ៧២% កំពុងងាកទៅរក AI Chatbots ដើម្បីស្វែងរកការគាំទ្រផ្នែកអារម្មណ៍ និងមិត្តភាពប្រចាំថ្ងៃ។ សំណួរដ៏សំខាន់នោះគឺ៖ តើនឹងមានអ្វីកើតឡើង ប្រសិនបើ AI ជំនួសតំណែងមិត្តសម្លាញ់ (Best Friends) ?
យោងតាមការសិក្សាថ្មីមួយពីស្ថាប័ន Common Sense Media ដែលជាក្រុមអ្នកស្រាវជ្រាវ និងតស៊ូមតិលើការប្រើប្រាស់ប្រព័ន្ធឌីជីថល បានរកឃើញថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងទម្រង់ជា «មិត្តរួមដំណើរ» (AI Companions) កំពុងក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់ក្មេងជំទង់។
យោងតាមការសិក្សា វាមិនមែនគ្រាន់តែជាកម្មវិធីឆ្លើយសំណួរដូច ChatGPT ធម្មតានោះទេ ប៉ុន្តែវាជាវេទិកាដែលត្រូវបានរចនាឡើងដើម្បីបង្កើតជា «តួអង្គមិត្តភក្តិ» ដែលមានបុគ្គលិកលក្ខណៈជាក់លាក់។ ផ្តល់ការគាំទ្រផ្នែកអារម្មណ៍ និងការជជែកលេងដែលហាក់ដូចជាមានវិញ្ញាណ (Human-like)។
មានវត្តមាន ២៤ ម៉ោង លើ ២៤ ម៉ោង ដោយមិនមានការវិនិច្ឆ័យ (Non-judgmental) ឬធុញទ្រាន់នឹងអ្នកប្រើប្រាស់។
យោងតាមរបាយការណ៍នេះ បានបង្ហាញថា យុវវ័យ ៧២% បានសាកល្បងប្រើប្រាស់កម្មវិធី AI ដែលមានសមត្ថភាពជជែកលេងដូចជាមនុស្ស។ ៥០% (ឬពាក់កណ្តាល) នៃអ្នកដែលធ្លាប់ប្រើ បានបញ្ជាក់ថា ពួកគេប្រើប្រាស់វាជាប្រចាំ ដើម្បីជជែកពិភាក្សា រៀនសូត្រ ឬកំដរអារម្មណ៍។
ស្ថាប័ន Common Sense Media បានលើកឡើងថា ទោះបីជា AI អាចផ្តល់អត្ថប្រយោជន៍ក្នុងការជួយដល់ការសិក្សា ឬកាត់បន្ថយភាពឯកោ ប៉ុន្តែវាក៏បង្កជាក្តីបារម្ភជុំវិញ «ភាពឯកជននៃទិន្នន័យ» និង «ឥទ្ធិពលផ្លូវចិត្ត» ប្រសិនបើយុវវ័យចាប់ផ្តើមពឹងផ្អែកលើមិត្តភក្តិសិប្បនិម្មិតទាំងនេះខ្លាំងជាងមនុស្សពិតប្រាកដ។
មិត្តភាពរវាងមនុស្ស និងមនុស្ស គឺជារឿងស្មុគស្មាញ ដែលជួនកាលមានការឈ្លោះប្រកែក ការច្រណែន និងការសម្រុះសម្រួល។ ប៉ុន្តែ AI ដូចជា Character.ai ឬ Replika ត្រូវបានបង្កើតឡើងដើម្បីឱ្យ «គ្មានភាពរកាំរកូស» (Frictionless)។ AI មិនដែលភ្លេចថ្ងៃកំណើតរបស់អ្នក មិនដែលវិនិច្ឆ័យការសម្ងាត់របស់អ្នក និងតែងតែនៅខាងអ្នកជានិច្ចនៅពេលមានជម្លោះ។ សម្រាប់អ្នកដែលមានបញ្ហាថប់បារម្ភក្នុងសង្គម (Social Anxiety) AI គឺជា «កន្លែងសុវត្ថិភាព» ដើម្បីហ្វឹកហាត់ការសន្ទនាដោយមិនខ្លាចការបដិសេធ។
យុវជន Ganesh Nair អាយុ ១៨ ឆ្នាំ បានប្រាប់ AP ថា៖ «AI តែងតែមានវត្តមានសម្រាប់អ្នកជានិច្ច វាមិនដែលធុញទ្រាន់នឹងអ្នក ហើយវាមិនដែលរិះគន់ ឬវិនិច្ឆ័យអ្នកឡើយ។ នៅពេលអ្នកនិយាយជាមួយ AI អ្នកគឺជាអ្នកត្រូវជានិច្ច អ្នកគឺជាមនុស្សគួរឱ្យចាប់អារម្មណ៍ជានិច្ច»។ ទោះជាយ៉ាងណា Nair ក៏បានបង្ហាញពីភាពភ័យខ្លាច (Dystopian) ផងដែរ បន្ទាប់ពីមិត្តភក្តិរបស់គេម្នាក់បានឱ្យ AI ជាអ្នកសរសេរសារសុំបែកគ្នាជាមួយសង្សារ ដើម្បីបញ្ចប់ទំនាក់ទំនងរយៈពេល ២ ឆ្នាំ ដែលនេះបង្ហាញថា AI កំពុងចូលមកជំនួសទំនាក់ទំនងពិតរបស់មនុស្ស។
លោក Michael Robb ប្រធានផ្នែកស្រាវជ្រាវនៃ Common Sense Media បានព្រមានថា ប្រសិនបើយុវវ័យរៀនបង្កើតទំនាក់ទំនងសង្គមជាមួយ AI ដែលចាំតែយល់ស្របតាមពួកគេជានិច្ច នោះពួកគេនឹងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រឈមមុខនឹងពិភពលោកពិត ដែលទាមទារការយល់ដឹងពីទស្សនៈអ្នកដទៃ និងការដោះស្រាយជម្លោះនោះទេ។
លើសពីនេះ អ្នកជំនាញផ្នែកប្រព័ន្ធប្រសាទមកពីសាកលវិទ្យាល័យ North Carolina បានកត់សម្គាល់ថា ក្មេងៗចាប់ផ្តើមបាត់បង់ទំនុកចិត្តលើខ្លួនឯងក្នុងការសម្រេចចិត្ត ដោយពួកគេត្រូវការសួរ AI ជាមុនសិន ទើបហ៊ានសន្និដ្ឋានថាគំនិតរបស់ពួកគេល្អឬអត់។
ទោះបីជា AI អាចជួយកាត់បន្ថយភាពឯកោបានមួយគ្រា ប៉ុន្តែការពឹងផ្អែករយៈពេលវែងជារឿយៗនាំឱ្យមានការដាច់ឆ្ងាយពីមិត្តភក្តិ និងគ្រួសារពិតប្រាកដ។ ហានិភ័យដ៏ធំគឺ៖ តើយុវវ័យនឹងមានអារម្មណ៍វិបត្តិកម្រិតណា ប្រសិនបើ «មិត្តសម្លាញ់ AI» របស់ពួកគេត្រូវបានលុបចេញ ឬកម្មវិធីត្រូវបានបិទ?







