គ្មានការប្រែប្រួល! ព្រះខ័នរាជស្វាយរៀង នឹងជួបក្រុមថៃ Bangkok United ចុងខែនេះ នៅស្ដាតមរតកតេជោ
15-01-2026 12:51
(ភ្នំពេញ)៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង បានត្រៀមខ្លួនជាស្រេច ក្នុងការបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោជាថ្មី ដើម្បីស្វាគមន៍ក្រុម Bangkok United របស់ថៃ ក្នុងពានរង្វាន់ជើងឯកក្លឹបបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦ ពូល B នាថ្ងៃទី២០៩ ខែមករាខាងមុខ។
នេះបើយោងតាមជូនដំណឹងរបស់ក្លឹបសម្រាប់រយៈពេលនៅសល់ ២សប្ដាហ៍ មុនឈានដល់ការប្រកួតផ្លូវការ ដែល ប្រៀបបានការច្រានចោលនូវព័ត៌មានចរចាមអារ៉ាមដ៏រសើបមួយចំនួន ដែលធ្លាប់លេចលឺថា ជំនួបរវាងក្រុមទាំងពីរ អាចនឹងមានការផ្លាស់ប្ដូរទីលាន ដោយសារមានសំណើមិនចង់មកប្រកួតនៅកម្ពុជា ពីក្លឹបតំណាងប្រទេសថៃខាងលើ។
កាលពីចុងឆ្នាំ២០២៥ កន្លងទៅ មានអ្នកសារព័ត៌មានថៃ និងបណ្ដាញសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ក្លឹប Bangkok United នឹងហោះមកកម្ពុជា ដើម្បីប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះស្វាយរៀង ក្នុងពានប្រចាំតំបន់ខាងលើឡើយ ដោយសារការព្រួយបារម្ភពីសុវត្ថិភាព ក្រោយជម្លោះព្រំដែន រហូតថ្មីៗមានការលើកឡើងថា ពួកគេបានស្នើទៅកាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដោយចង់ប្ដូរទៅប្រកួតនៅឡាវ ឬវៀតណាមទៀតផង។
ប៉ុន្ដែនៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ខណៈសល់ ១៥ថ្ងៃមុនការប្រកួតមកដល់ ស្វាយរៀងក៏បានផ្សព្វផ្សាយផ្លូវការ អំពីកម្មវិធីប្រកួតបន្ទាប់របស់ខ្លួន ក្នុងពានរង្វាន់ ASEAN Club Championship 2025/26 ដែលនឹងត្រូវជួប Bangkok នាម៉ោង ៩យប់ ថ្ងៃទី២៩ ខែមករាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ដូច្នេះប្រសិនបើគ្មានអ្វីប្រែប្រួលទេ ជំនួបរវាងក្រុមខ្លាំងកម្ពុជា និងក្រុមថៃ នឹងធ្វើឡើងនៅរាជធានីភ្នំពេញនាចុងខែនេះតែម្តង។
គួរដឹងថា នេះគឺជាកម្មវិធីប្រកួតទី៤ របស់ក្រុមព្រះខ័នរាជស្វាយរៀង ក៏ដូចជាក្រុមផ្សេងៗ ស្ថិតក្នុងពូល B នៃពានរង្វាន់ក្របខណ្ឌជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ខាងលើ។ បច្ចុប្បន្នស្វាយរៀង កំពុងឈរលេខ៣ និងមាន ៤ពិន្ទុ ស្មើក្រុម Lion City Sailors របស់សិង្ហបុរី ក្រោយឆ្លងកាត់ ៣ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់១ តាមពីក្រោយក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី ដែលរកបាន ៧ពិន្ទុ និងក្រុមកំពូលតារាង Nam Dinh របស់វៀតណាម រកបាន ៩ពិន្ទុ។ ប្រកួតចុងក្រោយរបស់ស្វាយរៀង ស្មើក្រុមខ្លាំង Johor Darul Ta’zim ២-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕









