FIFA ទទួលបានសំណើសុំទិញសំបុត្រ World Cup 2026 ជាងកន្លះពាន់លាន ត្រឹមរយៈពេល ៣៣ថ្ងៃ

15-01-2026 13:17

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានទម្លាយពីសំណើអ្នកគាំទ្រមកពី ២១១ប្រទេស ដើម្បីទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ មានដល់ទៅជាងពាក់កណ្តាលពាន់លានសន្លឹក ត្រឹមតែរយៈពេលតែ ៣៣ថ្ងៃប៉ុណ្ណោះ។

នៅលើគេហទំព័រ facebook ផ្លូវការរបស់ FIFA ក៏បានរំលេចផងថា ក្នុង ១ថ្ងៃមានអ្នកគាំទ្រនៅជុំវិញពិភពលោក បានដាក់ស្នើសំបុត្រទស្សនាចំនួន ១៥លានសន្លឹកផងដែរ ក្នុងចំណោម ១០៤ប្រកួតសរុប ដោយមាន ៤៨ប្រទេសចូលរួម ចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា។

ជាការកត់សម្គាល់ផងដែរ ក្នុងចំណោមអ្នកគាំទ្រ ២១១ប្រទេសដែលជាសមាជិក FIFA គឺមាន ១០ប្រទេសមានអ្នកដាក់ស្នើសំបុត្រច្រើនជាងគេ ដោយក្នុងនោះមានម្ចាស់ផ្ទះទាំងបី អាមេរិក មិចស៊ិក និងកាណាដា និងបន្តបន្ទាប់មាន អាល្លឺម៉ង់ អង់គ្លេស ប្រេស៊ីល អេស្ប៉ាញ ព័រទុយហ្គាល់ អាហ្សង់ទីន និងកូឡុំប៊ី៕