Alibaba បង្កើនសមត្ថភាព Qwen AI ឱ្យក្លាយជា «ជំនួយការផ្ទាល់ខ្លួន» អាចកុម្ម៉ង់អាហារ និងកក់សំបុត្រធ្វើដំណើរបានភ្លាមៗ

15-01-2026 14:36

(បរទេស)៖ កម្មវិធីបញ្ញាសិប្បនិម្មិត (AI) លែងជាឧបករណ៍សម្រាប់តែសួរយកចំណេះដឹងទៀតហើយ។ ក្រុមហ៊ុនយក្ស Alibaba ទើបតែបានដំឡើងសមត្ថភាពកម្មវិធី Qwen AI របស់ខ្លួន ឱ្យក្លាយជា «ភ្នាក់ងារឆ្លាតវៃ» ដែលអាចបំពេញកិច្ចការក្នុងជីវិតជាក់ស្តែងជំនួសមនុស្ស។ ចាប់ពីពេលនេះទៅ អ្នកប្រើប្រាស់អាចកុម្ម៉ង់អាហារ កក់សំបុត្រយន្តហោះ ឬសណ្ឋាគារ និងបង់ប្រាក់តាម Alipay បានយ៉ាងងាយ ក្នុងផ្ទាំង Chat តែមួយ ដោយមិនចាំបាច់ចេញចូលកម្មវិធីច្រើនដងដូចមុនឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

លោក Wu Jia អនុប្រធានក្រុមហ៊ុន Alibaba Group បានលើកឡើងពីរបត់ថ្មីនេះថា៖ «អ្វីដែលយើងកំពុងដាក់ឱ្យដំណើរការនៅថ្ងៃនេះ តំណាងឱ្យការផ្លាស់ប្តូរពី "ម៉ូដែលដែលគ្រាន់តែយល់ដឹង" ទៅជា "ប្រព័ន្ធដែលអាចធ្វើសកម្មភាពបាន" ដែលផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងសេវាកម្មក្នុងពិភពជាក់ស្តែង»។ យុទ្ធសាស្ត្រនេះបានធ្វើឱ្យ Qwen ក្លាយជាគូប្រជែងដ៏ខ្លាំងក្លាបំផុតមួយ បើធៀបនឹងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗដូចជា ByteDance និង Tencent។

អ្វីដែលកាន់តែពិសេសនោះ Qwen បានបន្ថែមមុខងារ «ជំនួយការការងារ» (Task Assistant) ដែលមានសមត្ថភាពអស្ចារ្យ រហូតដល់អាចធ្វើការហៅទូរស័ព្ទទៅកក់តុនៅភោជនីយដ្ឋានដោយផ្ទាល់ និងអាចរៀបចំផែនការធ្វើដំណើរដ៏ស្មុគស្មាញបានយ៉ាងលម្អិត។ ភាពងាយស្រួលមិនធ្លាប់មាននេះ បានទាក់ទាញអ្នកប្រើប្រាស់ឱ្យកើនឡើងយ៉ាងគំហុកដល់ទៅជាង ១០០ លាននាក់ ក្នុងរយៈពេលត្រឹមតែ ២ ខែប៉ុណ្ណោះ។

បច្ចុប្បន្ន ការប្រកួតប្រជែងលើវិស័យ AI កំពុងឈានចូលដល់សម័យកាល បច្ចេកវិទ្យាបម្រើជីវិត។ តាមរយៈការចងភ្ជាប់សេវាកម្មល្បីៗក្នុងដៃដូចជា Taobao, Alipay និង Fliggy ទៅក្នុង AI តែមួយ Alibaba មិនត្រឹមតែបង្កើតកម្មវិធីសម្រាប់ជជែកលេងនោះទេ ប៉ុន្តែគឺកំពុងបង្កើត «អ្នកចាត់ចែងការងារផ្ទាល់ខ្លួន» ដ៏ឆ្លាតវៃម្នាក់ ដែលដឹងចិត្ត និងសម្រាលបន្ទុកការងារប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ឱ្យកាន់តែសាមញ្ញបំផុត៕